ព័ត៌មានអន្តរជាតិ

ប៉ាឡេស្ទីន ស្វាគមន៍ដំណោះស្រាយ របស់អង្គការសហប្រជាជាតិ ប្រឆាំងនឹងការតាំងទីលំនៅ របស់អ៊ីស្រាអែល

រ៉ាម៉ាឡា៖ ប៉ាឡេស្ទីន បានស្វាគមន៍ការអនុម័ត របស់មហាសន្និបាតអង្គការសហប្រជាជាតិ លើដំណោះស្រាយចំនួន៤ ក្នុងការពេញចិត្ត ចំពោះប៉ាឡេស្ទីន រួមទាំងការចាត់ទុកការតាំងទីលំនៅ របស់អ៊ីស្រាអែល នៅក្នុងទឹកដីប៉ាឡេស្ទីនខុសច្បាប់។

រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីនលោក Riyad Al-Maliki បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប៉ាឡេស្ទីនស្វាគមន៍ការបោះឆ្នោតរបស់អង្គការសហប្រជាជាតិ ក្នុងការពេញចិត្ត ចំពោះដំណោះស្រាយ និងការគាំទ្រពីអន្តរជាតិក្នុងរឿងនេះ។

លោកបានលើកឡើងថា លទ្ធផលវិជ្ជមាន “បានកើតចេញពីការរំលោភ ជាប្រព័ន្ធរបស់អ៊ីស្រាអែល ប្រឆាំងនឹងសិទ្ធិរបស់ប្រជាជនយើង និងការខ្វះការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះច្បាប់អន្តរជាតិ” ។

លោក Al-Maliki បានបន្ថែមថា “ការសម្រេចចិត្តទាំងនេះបញ្ជាក់ពីសិទ្ធិស្របច្បាប់ របស់ប្រជាជនប៉ាឡេស្ទីនរបស់យើង ដែលសំខាន់បំផុតនោះ គឺជាសិទ្ធិក្នុងការសម្រេចចិត្តដោយខ្លួនឯង និងសិទ្ធិរបស់ជនជាតិប៉ាឡេស្ទីន ជនភៀសខ្លួន ក្នុងការត្រឡប់ទៅផ្ទះរបស់ពួកគេវិញ”។

កាលពីថ្ងៃសុក្រ គណៈកម្មាធិការទី៤ នៃមហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តដំណោះស្រាយ ចំនួន៤ ស្តីពីបញ្ហាអ៊ីស្រាអែល-ប៉ាឡេស្ទីន ដោយមានពីរជាការពេញចិត្ត ក្នុងការបន្តអាណត្តិរបស់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) និងការផ្តល់ជំនួយដល់ជនភៀសខ្លួនប៉ាឡេស្ទីន៕

To Top