ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ថ្កោលទោសការកត់សម្គាល់របស់អធិការបតីអាល្លឺម៉ង់ ទាក់ទងនឹងអ៊ីរ៉ង់ថា ជាអ្នកធ្វើអន្តរាគមន៍

តេអេរ៉ង់៖ គេហទំព័ររបស់ក្រសួងការបរទេសអ៊ីរ៉ង់បានរាយការណ៍ថា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani បានរិះគន់ការកត់សម្គាល់នាពេលថ្មីៗនេះរបស់អធិការបតីអាល្លឺម៉ង់ទាក់ទងនឹងអ៊ីរ៉ង់ថា ជាការជ្រៀតជ្រែក បង្កហេតុ និងគ្មានការទូត” ។

លោក Kanaani បានលើកឡើងថា នៅពេលនិយាយអំពីគោលការណ៍សិទ្ធិមនុស្ស រួមទាំងសេចក្តីថ្លៃថ្នូររបស់មនុស្ស ការប្រឆាំងនឹងការគំរាមកំហែង និងការការពារអ្នក ដែលត្រូវបានគេជិះជាន់នោះ អ៊ីរ៉ង់ប្តេជ្ញាធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវ។

អ្នកនាំពាក្យរូបនេះបានស្តីបន្ទោសប្រទេសអាល្លឺម៉ង់ សម្រាប់ការផ្តល់ទីជំរកដល់ពួកប្រឆាំង “ភេរវករ និងពួកផ្តាច់ខ្លួន” របស់អ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកក៏បានអំពាវនាវឱ្យងាកទៅរកភាពសមហេតុផលក្នុងទំនាក់ទំនងទ្វេភាគី ដោយលើកឡើងថា ការគោរពផលប្រយោជន៍ទៅវិញទៅមក គឺជាមធ្យោបាយតែមួយគត់ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការប្រកបដោយនិរន្តរភាពរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងប៊ែរឡាំង។

យោងតាមប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច អធិការបតីអាល្លឺម៉ង់លោក Olaf Scholz កាលពីថ្ងៃសៅរ៍បានរិះគន់រដ្ឋាភិបាលអ៊ីរ៉ង់ ចំពោះអ្វីដែលលោកហៅថា “ការបង្ក្រាបលើការតវ៉ានាពេលថ្មីៗនេះ” និងបានសន្យាដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងទីក្រុងតេអេរ៉ង់។

គួរបញ្ជាក់ផងដែរថាលោក Kanaani កាលពីថ្ងៃអាទិត្យបានថ្កោលទោសជំនួបរវាងប្រធានាធិបតីបារាំងលោក Emmanuel Macron និងក្រុមឥស្សរជនប្រឆាំងអ៊ីរ៉ង់ នៅខាងក្រៅវេទិកាសន្តិភាពទីក្រុងប៉ារីសថ្មីៗនេះ ៕


ប្រែសម្រួល ឈូក បូរ៉ា

To Top