ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ជំរុញឱ្យទំនាក់ទំនង រវាងចិន និងអាមេរិក វិវឌ្ឍន៍ទៅមុខ យ៉ាងល្អប្រសើរ គួរតែមានគំនិត ឯកភាព រួមនិងប្រតិបត្តិការ

រសៀលថ្ងៃទី១៤ ខែវិចិ្ឆកា តាមម៉ោងក្នុងតំបន់ ក្រោមសំណើ របស់ភាគីអាមេរិក លោកប្រធានរដ្ឋចិន Xi Jinping បានអញ្ជើញ ជួបសន្ទនាទល់មុខគ្នា ជាមួយលោក Joe Biden ប្រធានាធិបតី អាមេរិក នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ។ ក្នុងរយៈពេលជាងបីម៉ោង ប្រមុខរដ្ឋនៃប្រទេស ទាំងពីរបានផ្លាស់ប្តូរ មតិយោបល់គ្នា យ៉ាងស៊ីជម្រៅ និងស្មោះត្រង់ អំពីបញ្ហាជាយុទ្ធសាស្ត្រ នៃទំនាក់ទំនងរវាងចិន និងអាមេរិក ព្រមទាំងបញ្ហា ក្នុងតំបន់និងសកលសំខាន់ៗ ដោយទទួលបានគំនិត ឯកភាពរួមជាច្រើន ។ មតិអន្តរជាតិ បានវាយតម្លៃ យ៉ាងវិជ្ជមានជាទូទៅ ។

នេះជាកិច្ចជំនួប ទល់មុខគ្នា លើកដំបូងរវាងប្រមុខរដ្ឋចិននិង អាមេរិកក្នុងរយៈពេលបីឆ្នាំចុង ក្រោយនេះ ហើយក៏ជាកិច្ចជំនួបទល់មុខគ្នា លើកដំបូង រវាងមេដឹកនាំពីរ រូបបន្ទាប់ពីលោក Joe Biden ប្រធានាធិបតីអាមេរិកឡើង កាន់មុខតំណែងមក ក៏ដូចជាការប្រាស្រ័យ ទាក់ទងជាលើកដំបូង រវាងមេដឹកនាំកំពូល ប្រទេសទាំងពីរ បន្ទាប់ពីចិន និងអាមេរិកសម្រេច បាននូវរបៀបវារៈដ៏សំខាន់រៀងៗខ្លួនក្នុងឆ្នាំនេះ ផងដែរ ដែលទទួលការយក ចិត្តទុកដាក់កម្រិតខ្ពស់ពី ទូទាំងពិភពលោក ។ កាសែត 《Financial Times》 របស់អង់គ្លេស បានសម្គាល់ថា មេដឹកនាំចិន និងអាមេរិក បានបង្ហាញ ពីបំណងកែលម្អ ទំនាក់ទំនងទ្វេភាគី ។

បច្ចុប្បន្ននេះ មូលហេតុដែលបណ្តាល ឱ្យទំនាក់ទំនងរវាងចិន និងអាមេរិក ធ្លាក់ក្នុងភាពជាប់គាំងខ្លាំងបំផុត ចាប់ពីបង្កើតទំនាក់ទំនងផ្លូវទូតមក គឺដោយមក ពីការយល់ដឹង របស់សហរដ្ឋអាមេរិក ចំពោះប្រទេសចិន មានបញ្ហាហើយ ។ ដូច្នេះ លោកប្រធានរដ្ឋចិន Xi Jinping បានគូសបញ្ជាក់ ក្នុងកិច្ចជំនួបថា ភាគីទាំងពីរចិន និងអាមេរិក ត្រូវកាន់អាកប្បកិរិយាទ ទួលខុសត្រូវ ចំពោះប្រវត្តិសាស្ត្រ ចំពោះពិភពលោកនិង ចំពោះប្រជាជន ពិភាក្សាអំពីវិធីរាប់អានគ្នា ដ៏ត្រឹមត្រូវ រវាងប្រទេស ទាំងពីរក្នុងយុគសម័យថ្មី ដើម្បីរកបានទិសដៅត្រឹមត្រូវ នៃការអភិវឌ្ឍទំនាក់ទំនង រវាងប្រទេសទាំងពីរ ក៏ដូចជាជំរុញទំនាក់ទំនង រវាងចិន និងអាមេរិក ឱ្យវិលត្រឡប់ទៅរកផ្លូវអភិវឌ្ឍន៍ ប្រកបដោយភាពនឹងនរនិងរឹងមាំវិញ ។

ព្រមពេលជាមួយគ្នានេះ លោកប្រធានរដ្ឋចិន Xi Jinping បានធ្វើបទបង្ហាញ អំពីសមិទ្ធផលសំខាន់ និងអត្ថន័យពិសេស នៃសមាជបក្សកុម្មុយនីស្តចិន លើកទី២០ ដោយគូសបញ្ជាក់ថា គោលនយោបាយទាំង ក្នុងនិងក្រៅប្រទេស នៃបក្សកុម្មុយនីស្តចិននិងរដ្ឋាភិបាលចិន គឺបើកចំហនិងមានតម្លាភាព ចិនមិនដែលស្វែងរកការកែប្រែសណ្តាប់ធ្នាប់អន្តរជាតិដែលមានស្រាប់នោះទេ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់អាមេរិក និងគ្មានចេតនាបង្ករឿង ហេតុនិងជំនួសសហរដ្ឋអាមេរិកនោះទេ ។ លោក Joe Biden ប្រធានាធិបតី អាមេរិកបានថ្លែងក្នុងកិច្ចជំនួបថា ប្រទេសចិនមួយ ដែលប្រកបដោយស្ថិរភាព និងការអភិវឌ្ឍ គឺសមស្របនឹងផលប្រយោជន៍ របស់អាមេរិកនិងពិភពលោក ។ សហរដ្ឋអាមេរិកនិងចិន គួរតែបង្ហាញទៅកាន់ ពិភពលោកថា ភាគីទាំងពីរ អាចគ្រប់គ្រង បាននូវការខ្វែងគំនិត ដើម្បីចៀស វាងកុំឱ្យវិវឌ្ឍន៍ ទៅរកការប៉ះទង្គិចនិងបដិបក្ខគ្នា ដោយសារការ វិនិច្ឆ័យខុសឆ្គង ឬការប្រកួតប្រជែងយ៉ាងខ្លាំង ។

មួយរយៈពេលកន្លងទៅនេះ អ្នកនយោបាយអាមេរិកមួយចំនួនអះអាងថា នឹងដាក់ “របង”ក្នុងទំនាក់ទំនងរវាងចិននិងអាមេរិក ។ ក្នុងកិច្ចជំនួបលើកនេះ លោកប្រធានរដ្ឋចិន Xi Jinping បានគូស បញ្ជាក់ថា ការគោរព តាមក្រឹត្យក្រមមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិនិងសេចក្តីប្រកាស រួមចំនួនបីរវាងចិន និងអាមេរិក នេះជាគន្លឹះ សម្រាប់ភាគីទាំងពីរគ្រប់គ្រង ការខ្វែងគំនិត និងបង្ការការបដិបក្ខនិងប៉ះទង្គិចគ្នា ហើយក៏ជារបងការពារសន្តិសុខ ដ៏សំខាន់បំផុតសម្រាប់ទំនាក់ទំនងរវាងចិន និងអាមេរិកផងដែរ ។

ក្នុងកិច្ចជំនួបលើកនេះ ចិននិង អាមេរិកបានឈានដល់គំនិតឯកភាព រួមអំពីបញ្ហាមួយចំនួន ដូចជា ប្រមុខរដ្ឋ នៃប្រទេសទាំងពីរឯកភាពគ្នាថា ក្រុមការទូតនិងក្រុមហិរញ្ញវត្ថុ របស់ភាគីទាំងពីររក្សាការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រនិងការសម្របសម្រួល តាមកិច្ចសន្ទនា ព្រមទាំងឯកភាពគ្នាថា នឹងរួមគ្នាធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញឱ្យមហាសន្និបាតភាគី ហត្ថលេខី នៃ 《អនុសញ្ញាក្របខ័ណ្ឌអំពីបម្រែបម្រួល អាកាសធាតុនៃអង្គការ សហប្រជាជាតិ》លើកទី២៧ ទទួលជោគជ័យជាដើម ។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរ នៅបានឯកភាពគ្នាថា នឹងបន្តរក្សាការប្រាស្រ័យ ទាក់ទងជាញឹកញាប់ផងដែរ ៕

To Top