ព័ត៌មានអន្តរជាតិ

លោក Zelenskyy ប្រធានាធិបតី អ៊ុយក្រែន ចូលរួមក្នុង កិច្ចប្រជុំក្រុម G20

អ៊ុយក្រែន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន នៅថ្ងៃអង្គារនេះ បានជំរុញឱ្យមេដឹកនាំពិភពលោកគាំទ្រផែនការបញ្ចប់សង្គ្រាមនៅក្នុងប្រទេសរបស់លោក ដោយថ្លែងថា ឥឡូវនេះជាពេលវេលាដើម្បីជំរុញឱ្យមានសន្តិភាពបន្ទាប់ពីការបរាជ័យរបស់រុស្ស៊ីនៅក្នុងទីក្រុង Kherson ភាគខាងត្បូងនៃប្រទេសនាពេលកន្លងមកនេះ ។

ស្របពេលនោះដែរ លោកបានថ្លែងថា អ៊ុយក្រែន នឹងមិនអនុញ្ញាតឱ្យកងកម្លាំងរុស្ស៊ីប្រមូលផ្តុំឡើងវិញបន្ទាប់ពីការដកខ្លួនរបស់ពួកគេចេញពីក្រុង Kherson បានឡើយ ហើយបានថ្លែងថា នឹងមានការប្រយុទ្ធគ្នាបន្ថែមទៀតរហូតដល់អ៊ុយក្រែនដណ្តើមបានមកវិញនូវទឹកដីដែលកាន់កាប់ទាំងអស់របស់ខ្លួន ។

លោក Zelenskyy បានធ្វើការកត់សម្គាល់របស់គាត់នៅក្នុងសុន្ទរកថាទៅកាន់កិច្ចប្រជុំកំពូលនៃក្រុមG20 នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលការឈ្លានពានរបស់រុស្ស៊ី មកលើអ៊ុយក្រែន គឺជាការផ្តោតសំខាន់នៃការពិភាក្សាក្នុងចំណោមមេដឹកនាំនៃបណ្តាប្រទេសសេដ្ឋកិច្ចធំៗរបស់ពិភពលោក ។

នៅមួយថ្ងៃមុនគាត់បានចាប់ដៃជាមួយយោធា និងគ្រវីដៃដល់ជនស៊ីវិលក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ក្រុង Kherson ជាកន្លែងដែលគាត់បានថ្លែងថា អ៊ុយក្រែន បានប្រមូលភស្តុតាងនៃឧក្រិដ្ឋកម្មសង្រ្គាមយ៉ាងហោចណាស់៤០០ករណីដែលប្រព្រឹត្តដោយយោធារុស្ស៊ី រួមទាំងការសម្លាប់ និងការចាប់ពង្រត់ជាដើម ។

លោកបានថ្លែងតាមរយៈវីដេអូភ្ជាប់ទៅកាន់កិច្ចប្រជុំកំពូលនៅលើកោះបាលីថា “ខ្ញុំជឿជាក់ថា ឥឡូវនេះគឺជាពេលវេលាដែលសង្រ្គាមបំផ្លិចបំផ្លាញរបស់រុស្ស៊ីត្រូវតែ និងអាចបញ្ឈប់បាន” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top