ឥណ្ឌូនេស៊ី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានថ្លែងកាលពីថ្ងៃចន្ទ ដោយលោកបានប្រាប់ដល់ លោក ហ្ស៊ី ជិនពីង ប្រធានាធិបតីចិន ថា ទីក្រុងប៉េកាំងមានកាតព្វកិច្ចដើម្បីព្យាយាមនិយាយជាមួយកូរ៉េខាងជើង ពីការបន្តការសាកល្បងនុយក្លេអ៊ែរ បើទោះបីជាវាមិនច្បាស់ថាតើ ចិននឹងអាចរារាំងក្រុង ព្យុងយ៉ាង បានរឺយ៉ាងណានោះទេ ។
លោក បៃដិន បានជួបជាមួយលោក ហ្ស៊ី អស់រយៈពេលជាង៣ម៉ោងមុនកិច្ចប្រជុំកំពូលក្រុម G20 នៅកោះបាលី ដែលជាជំនួបទល់មុខគ្នាជាលើកដំបូងរបស់ពួកគេចាប់តាំងពីលោក បៃដិន ឡើងកាន់អំណាចកាលពីឆ្នាំមុន ។
លោកបានប្រាប់ដល់សន្និសីទសារព័ត៌មានមួយបន្ទាប់មកលោកបានព្រមានលោក ហ្ស៊ី ថា សហរដ្ឋអាមេរិកនឹងធ្វើអ្វីដែលខ្លួនត្រូវធ្វើដើម្បីការពារខ្លួននិងសម្ព័ន្ធមិត្តកូរ៉េខាងត្បូង និងជប៉ុនក្នុងព្រឹត្តិការណ៍ដែលកូរ៉េខាងជើងបន្តការសាកល្បងអាវុធនុយក្លេអ៊ែរជាអ្វីដែលក្រុងព្យុងយ៉ាងមិនបានធ្វើតាំងពីឆ្នាំ ២០១៧ ។
លោក បៃដិន បានថ្លែងថា ការឆ្លើយតបរបស់សហរដ្ឋអាមេរិក “អាចនឹងមានកាន់តែច្រើនឡើងចំពោះមុខប្រទេសចិន” ទោះបីជាមិនមានទិសដៅប្រឆាំងនឹងកូរ៉េខាងជើងក៏ដោយ ។
ទីប្រឹក្សាសន្តិសុខជាតិរបស់លោក បៃដិន លោក Jake Sullivan បានលើកឡើងនៅមុនកិច្ចប្រជុំថា លោក បៃដិន នឹងព្រមានលោក ហ្ស៊ី ថា ការបន្តស្វែងរកការអភិវឌ្ឍអាវុធរបស់កូរ៉េខាងជើង នឹងនាំទៅដល់ការពង្រឹងវត្តមានយោធាអាមេរិកនៅក្នុងតំបន់ ដែលជាអ្វីដែលទីក្រុងប៉េកាំងមិនចង់ឃើញនោះទេ ។
លោក បៃដិន បានថ្លែងថា គាត់បានប្រាប់ដល់លោក ហ្ស៊ី “ថា ខ្ញុំគិតថា ពួកគេមានកាតព្វកិច្ច ក្នុងការព្យាយាមធ្វើឱ្យច្បាស់”ចំពោះកូរ៉េខាងជើងថា ខ្លួនមិនគួរបន្តការសាកល្បងនុយក្លេអ៊ែរនោះទេ ។
គួររំលឹកថា ប្រទេសកូរ៉េខាងជើង បានធ្វើការបាញ់សាកល្បងមីស៊ីលផ្លោងមិនធ្លាប់មាននៅក្នុងឆ្នាំនេះ ហើយក្រុងវ៉ាស៊ីនតោនបានព្រមានជាច្រើនខែថា ប្រទេសនេះអាចធ្វើការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរនៅពេលណាក៏បាន ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា