ព័ត៌មានអន្តរជាតិ

លោក បៃដិន បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្ត របស់អាមេរិក ចំពោះអង្គការណាតូ បន្ទាប់ពីមីស៊ីលបាន វាយប្រហារប្រទេសប៉ូឡូញ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃពុធនេះ បានអះអាងសារជាថ្មីនូវ ការប្តេជ្ញាចិត្តការពារជាតិ “រឹងដូចដែកថែប” របស់សហរដ្ឋអាមេរិក ចំពោះសមាជិកនៃអង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង បន្ទាប់ពីមានរបាយការណ៍ថា មីស៊ីលមួយគ្រាប់បាន ធ្លាក់នៅប្រទេសប៉ូឡូញ ចំពេលមានសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន។

ជាក់ស្តែង កាំជ្រួចរុស្ស៊ីបានឆ្លងចូលទឹកដីប៉ូឡូញ ហើយបានសម្លាប់មនុស្សពីរនាក់ ខណៈដែលរុស្ស៊ីបានវាយលុក កន្លែងថាមពលអ៊ុយក្រែនកាលពីថ្ងៃអង្គារ ជាមួយនឹងរបាំងកាំជ្រួចដ៏ធំបំផុតរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៌មាន Associated Press ដោយដកស្រង់សម្តីមន្ត្រីស៊ើបការណ៍ ជាន់ខ្ពស់អាមេរិកម្នាក់។

ទីភ្នាក់ងារនេះបានឲ្យដឹងថា ប្រសិនបើមានការបញ្ជាក់ វានឹងសម្គាល់ជាលើកដំបូងនៅក្នុងសង្គ្រាម ដែលអាវុធរុស្ស៊ីបាន វាយប្រហារប្រទេសណាតូ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

សេតវិមានបានឲ្យដឹងនៅក្នុង សេចក្តីប្រកាសព័ត៌មានមួយថា ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda លោក បៃដិន បានផ្តល់ “ការគាំទ្រពេញលេញរបស់សហរដ្ឋអាមេរិក” សម្រាប់ និងជំនួយជាមួយនឹងការស៊ើបអង្កេត របស់ប្រទេសប៉ូឡូញលើការបំផ្ទុះនេះ។

ប្រភពបានបន្ថែមថា “ប្រធានាធិបតីអាមេរិកលោក ចូ​ បៃដិន បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក ចំពោះអង្គការណាតូ” ។ បច្ចុប្បន្នលោក បៃដិន កំពុងស្ថិតនៅលើកោះបាលី របស់ឥណ្ឌូនេស៊ីសម្រាប់ កិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ នៃក្រុមប្រទេសសេដ្ឋកិច្ចធំៗចំនួន ២០ ដែលនឹងបញ្ចប់នៅថ្ងៃបន្ទាប់។

សេតវិមានបានឲ្យដឹងថា មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាថា ប្រទេសរបស់ពួកគេគួរតែរក្សា ទំនាក់ទំនងជិតស្និទ្ធដើម្បីកំណត់ “ជំហានបន្ទាប់សមស្រប” នៅពេលការស៊ើបអង្កេតដំណើរការ ៕

ប្រែសម្រួល​ ឈូក បូរ៉ា

To Top