ព័ត៌មានអន្តរជាតិ

លោក បៃដិន ដាក់ការសង្ស័យថា មីស៊ីលដែលវាយប្រហារប៉ូឡូញ មិនទំនងជាមានប្រភពចេញ មកពីរុស្ស៊ី

វ៉ាស៊ីនតោន៖ ប្រធានាធិបតីលោក ចូ បៃដិន បានសម្តែងការងឿងឆ្ងល់ ចំពោះរបាយការណ៍នៃការវាយប្រហារ ដោយមីស៊ីលរុស្ស៊ីនៅក្នុងប្រទេសប៉ូឡូញ ក្បែរព្រំដែនអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។

មន្ត្រីអាមេរិក និងប៉ូឡូញ កំពុងស៊ើបអង្កេតការបំផ្ទុះដ៏សាហាវ ដែលបានសម្លាប់មនុស្សពីរនាក់ នៅក្នុងទឹកដីប៉ូឡូញកាលពីថ្ងៃអង្គារ។ សេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសប៉ូឡូញ បានកំណត់អត្តសញ្ញាណមីស៊ីលនោះថា “ផលិតដោយរុស្ស៊ី”។

ទោះបីជាយ៉ាងណាក៏ដោយ លោក បៃដិន បានប្រាប់អ្នកយកព័ត៌មាននៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ជាកន្លែងដែលលោកកំពុង ជួបជាមួយមេដឹកនាំ G7 ថា មានភស្តុតាង “បឋម” ក្នុងការបង្ហាញថា មីស៊ីលមិនត្រូវបានបាញ់ ចេញពីប្រទេសរុស្ស៊ីនោះទេ។

លោកបានលើកឡើងថា “មានព័ត៌មានបឋម ខ្ញុំមិនចង់និយាយនោះទេ រហូតដល់យើងស៊ើបអង្កេតច្បាស់ទាំងស្រុង ប៉ុន្តែវាមិនទំនងនៅក្នុងគន្លងនោះទេ ដែលវាត្រូវបានបាញ់ចេញពីប្រទេសរុស្ស៊ី ប៉ុន្តែយើងនឹងឃើញច្បាស់ នាពេលខាងមុខ” ។

លោក បៃដិន ក៏បានថ្កោលទោសរុស្ស៊ី ចំពោះការបង្កើនសង្គ្រាមរបស់ខ្លួន ជាមួយអ៊ុយក្រែន និងបានបើក “ការវាយប្រហារដោយមីស៊ីលជាច្រើនគ្រាប់” លើភាគខាងលិចអ៊ុយក្រែន កាលពីថ្ងៃអង្គារ។

មីស៊ីល ដែល​បាន​បាញ់​នៅ​ក្នុង ​ប្រទេស​ប៉ូឡូញ​បាន​បាញ់​ធ្លាក់​នៅ​ភូមិ Przewodów ជិត​ព្រំដែន​ភាគ​ខាងកើត​ប្រទេស​ជាមួយ​អ៊ុយក្រែន។ ដោយសារប៉ូឡូញ ជាសមាជិករបស់អង្គការណាតូ ឧបទ្ទវហេតុនេះបានបង្កឱ្យមានការព្រួយបារម្ភថា សង្រ្គាមរបស់រុស្ស៊ី ជាមួយអ៊ុយក្រែន អាចផ្លាស់ប្តូរទៅជា សង្រ្គាមលោកថ្មីមួយ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top