ម៉ូស្គូ ៖ រុស្ស៊ី បានច្រានចោល របាយការណ៍ថា មីស៊ីលរបស់ខ្លួនបានវាយប្រហារ ភូមិមួយរបស់ប៉ូឡូញ កាលពីថ្ងៃអង្គារថាជា “ការបង្កហេតុ” ចំពេលមានការព្រួយបារម្ភ អំពីភាពតានតឹង កាន់តែតានតឹងរវាងរុស្ស៊ី និងលោកខាងលិច ។
យោងតាមសារព័ត៌មាន Associated Press បានឱ្យដឹងថា មន្ត្រីសន្តិសុខអាមេរិកបានឲ្យដឹងថា មីស៊ីលរុស្ស៊ីបានឆ្លងចូលទៅក្នុង ប្រទេសប៉ូឡូញ ដែលមានព្រំប្រទល់ជាប់ នឹងប្រទេសអ៊ុយក្រែនកាលពីថ្ងៃអង្គារ ។ គ្រាប់មីស៊ីល បើតាមសេចក្តីរាយការណ៍ បានវាយប្រហារភូមិ Przewodów ដោយសម្លាប់មនុស្សពីរនាក់ ។
អាជ្ញាធរប៉ូឡូញ កំពុងបើកកិច្ចប្រជុំបន្ទាន់មួយដោយសារតែ “ស្ថានភាពវិបត្តិ” ប៉ុន្តែមិនបានធ្វើអត្ថាធិប្បាយ ជាសាធារណៈលើការ វាយប្រហារនោះទេ។ រុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីឆ្លើយតបនឹងរបាយការណ៍ទាំងនេះ តាមរយៈអង្គការប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Tass ។
សម្ព័ន្ធមិត្តរបស់ពូទីន គឺលោកស្រី Margarita Simonyan បានបង្ហោះសារដ៏អាក្រក់មួយកាលពីថ្ងៃអង្គារ ដោយធ្វើការងក់ក្បាលចំពោះវិបត្តិមីស៊ីលគុយបា ឆ្នាំ១៩៦២ ដែលជាការប្រឈមមុខដាក់គ្នា រវាងសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀត ដែលស្ទើរតែឈានដល់សង្គ្រាម នុយក្លេអ៊ែរពេញលក្ខណៈ។
នៅក្នុងការបង្ហោះ ដែលបានចែករំលែកទៅកាន់ប៉ុស្តិ៍ Telegram របស់លោកស្រី Simonyan ទាំងអស់បានសរសេរថា “សួស្តីពេលល្ងាចឆ្នាំ១៩៦២” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។
ការកត់សម្គាល់ របស់លោកស្រី បានកើតឡើងតែប៉ុន្មានម៉ោង បន្ទាប់ពីប្រទេសរុស្ស៊ី បានបើកការវាយប្រហារ តាមអាកាសដ៏ទូលំទូលាយបំផុតមួយ លើអ៊ុយក្រែន ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម – ការវាយប្រហារមួយ ដែលត្រូវបានគេរាយការណ៍ថា រួមមានមីស៊ីល ២គ្រាប់ ដែលបានបាញ់ ចូលទៅក្នុងប្រទេសប៉ូឡូញ ដែលនៅជិតខាងដោយបានសម្លាប់មនុស្សពីរនាក់ នៅក្នុងប្រទេសណាតូមួយនេះ។
ការវាយប្រហារក៏បានប៉ះពាល់ ដល់ប្រទេសម៉ុលដាវីផងដែរ ដែលបានរងការដាច់ចរន្តអគ្គិសនីដ៏ធំ បន្ទាប់ពីខ្សែថាមពលសំខាន់មួយ ត្រូវបានផ្តាច់ដោយសារ វាយប្រហារ។
ភ្លាមៗបន្ទាប់ពីការវាយប្រហារ កាលពីថ្ងៃអង្គារ លោកស្រី Simonyan ដែលជាប្រធានប្រព័ន្ធផ្សព្វផ្សាយរដ្ឋ RT បានបញ្ចេញការងឿងឆ្ងល់ថា តើឧប្បត្តិហេតុនៅខាងប៉ូឡូញ ពាក់ព័ន្ធនឹងមីស៊ីលពីរុស្ស៊ីដោយលើកឡើងថា “មុននឹងអ្នកចោទប្រកាន់ប្រទេសមួយ ដែលមានសមត្ថភាពលុបបំបាត់ប៉ូឡូញ ទៅជាផេះនុយក្លេអ៊ែរ សូមទទួលយក បញ្ហាក្នុងការបង្ហាញភស្តុតាងផង” ។
តាមការគណនារបស់លោកស្រី Simonyan បានឲ្យដឹងថា “វាទំនងជាច្រើនដែលការវាយប្រហារ នៅប៉ូឡូញគឺជាកំហុសរបស់ អ៊ុយក្រែន ឬការបង្កហេតុរបស់ប៉ូឡូញ ឬអង់គ្លេស” ៕
ប្រែសម្រួល ឈូក បូរ៉ា