ព័ត៌មានអន្តរជាតិ

លោក ហ្សេឡិនស្គី អំពាវនាវឲ្យសម្ព័ន្ធមិត្ដរបស់លោក ចាត់វិធានការក្រោយមីស៊ីលមួយគ្រាប់ វាយប្រហារប្រទេសប៉ូឡូញ

គៀវ៖ ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បានលើកឡើងថា ប្រទេសរបស់លោក កំពុង “ធ្វើសកម្មភាពដោយភាពស្ងប់ស្ងាត់” បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មីស៊ីលផលិតដោយរុស្ស៊ី បានវាយប្រហារនៅជិតព្រំដែនប៉ូឡូញ-អ៊ុយក្រែន កាលពីថ្ងៃអង្គារ ដោយបានសម្លាប់មនុស្សពីរនាក់នៅក្នុងភូមិភាគខាងកើតប្រទេសប៉ូឡូញ។

យោងតាមរបាយការណ៍ពីសារព័ត៌មាន Associated Press (AP) លោក Duda បានឲ្យដឹងថា មន្ត្រីរបស់ប៉ូឡូញមិនដឹងថាអ្នកណាជាអ្នកបាញ់មីស៊ីលនោះទេ ប៉ុន្តែថាវា “ប្រហែលជា” ភាគច្រើនមកពីប្រទេសរុស្ស៊ី។ យោងតាមរបាយការណ៍បានឱ្យដឹងថា “យើងកំពុងធ្វើសកម្មភាពដោយស្ងប់ស្ងាត់ នេះគឺជាស្ថានភាពដ៏លំបាកមួយ”។

ប្រទេសប៉ូឡូញ រួមជាមួយនឹងមន្ត្រីមកពីអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បានចូលទៅជិតស្ថានការណ៍ដោយប្រយ័ត្នប្រយែង ហើយមិនទាន់បានបញ្ជាក់ថាតើពួកគេជឿថា មីស៊ីលនោះជាការបាញ់ខុស ឬការវាយប្រហារដោយចេតនាពីរុស្ស៊ីនោះទេ។

ការ​វាយ​ប្រហារ​ដោយ​មីស៊ីលនេះ​កើត​ឡើង​នៅ​ពេល​ដែល​ភាព​តានតឹង​រវាង​រុស្ស៊ី​និង​លោក​ខាង​លិច​បន្ត​កើន​ឡើង​ក្នុង​សង្គ្រាម​រុស្ស៊ី​និង​អ៊ុយក្រែន​ដែល​កំពុង​បន្ត។ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានហៅការវាយប្រហារនេះថា “ការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងជម្លោះ” ហើយបានស្នើឱ្យសម្ព័ន្ធមិត្តរបស់លោកចាត់វិធានការ៕ប្រែសម្រួល ឈូក បូរ៉ា

To Top