ព័ត៌មានអន្តរជាតិ

Update៖ ប្រធានាធិបតីឥណ្ឌូនេស៊ី ថ្លែងថា បណ្តាមេដឹកនាំពិភពលោក ពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំកំពូលក្រុម G20 សំខាន់ផ្តោតលើសង្គ្រាមនៅអ៊ុយក្រែន 

ឥណ្ឌូនេស៊ី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី បានថ្លែងថា សង្រ្គាមនៅអ៊ុយក្រែន គឺជាអត្ថបទជជែកពិភាក្សាគ្នាច្រើនបំផុតនៃសេចក្តីប្រកាសក្រុមG20 ដែលត្រូវបានផ្តល់សច្ចាប័ន នៅថ្ងៃពុធនេះ នៅឯការបិទកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់មេដឹកនាំ ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅចុងបញ្ចប់នៃកិច្ចប្រជុំសេដ្ឋកិច្ចរយៈពេល២ថ្ងៃនៅក្រុង Nusa Dua កោះបាលី លោក Widodo បានកត់សម្គាល់ពីការសង្ស័យដំបូងលើថា តើមេដឹកនាំនឹងអាចបង្កើតសេចក្តីប្រកាសមួយរឺយ៉ាងណា ។

លោក Jokowi បានថ្លែងថា “ការពិភាក្សាលើបញ្ហានេះមានភាពស្វិតស្វាញខ្លាំង ហើយនៅទីបញ្ចប់ មេដឹកនាំក្រុម G20 បានយល់ព្រមលើខ្លឹមសារនៃសេចក្តីប្រកាស ពោលគឺការថ្កោលទោសចំពោះសង្គ្រាមនៅអ៊ុយក្រែន ព្រោះវាជាការរំលោភលើបូរណភាពទឹកដី” ។

“មានអត្ថបទតែមួយគត់ដែលត្រូវបានជជែកគ្នាយ៉ាងខ្លាំងនោះគឺជំហរឆ្ពោះទៅរកសង្រ្គាមនៅអ៊ុយក្រែន ។ យើងបានជជែកគ្នាអំពីរឿងនេះរហូតដល់ពាក់កណ្តាលអធ្រាត្រ ហើយទីបំផុត សេចក្តីប្រកាសនៅបាលីក៏ត្រូវបានសម្រេចដោយការឯកភាពគ្នា”។ លោកបានថ្លែងដូច្នេះ ។

សេចក្តីប្រកាសរបស់មេដឹកនាំនៅកោះបាលីមាន៥២មាត្រា ។

នៅក្នុងមាត្រាបានចែងថា សមាជិកភាគច្រើនបានថ្កោលទោសយ៉ាងខ្លាំងចំពោះសង្គ្រាមនៅអ៊ុយក្រែន ហើយបានសង្កត់ធ្ងន់ថា សង្គ្រាមនេះកំពុងបង្កឱ្យមានការឈឺចាប់យ៉ាងសម្បើមរបស់មនុស្ស និងធ្វើឱ្យកាន់តែមានភាពផុយស្រួយដែលមានស្រាប់នៅក្នុងសេដ្ឋកិច្ចពិភពលោក ។ សមាជិកបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា សង្រ្គាមកំពុងរារាំងកំណើន ការកើនឡើងអតិផរណា ការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ការបង្កើនថាមពល និងអសន្តិសុខស្បៀង និងការកើនឡើងហានិភ័យស្ថិរភាពហិរញ្ញវត្ថុ ៕

To Top