ប៉ូឡូញ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោកប្រធានាធិបតីប៉ូឡូញបានថ្លែងថា មិនមានសញ្ញាណាមួយដែលថា មីស៊ីលដែលបានវាយប្រហារទឹកដី ប៉ូឡូញកាលពីល្ងាចថ្ងៃអង្គារ គឺជាផ្នែកមួយនៃការ វាយប្រហារដោយចេតនា ។
លោកប្រធានាធិបតី Duda បានថ្លែងថា វា “ទំនងណាស់” ដែលការផ្ទុះមីស៊ីលត្រូវបានបង្កឡើង ដោយការការពារដែនអាកាស របស់អ៊ុយក្រែន ។
លោក Jens Stoltenberg ប្រធានអង្គការ NATO ដែលកំពុងធ្វើសន្និសីទសារព័ត៌មាន ក៏ថ្លែងផងដែរថា ឧប្បត្តិហេតុនៅក្នុងប្រទេសប៉ូឡូញ គឺ “ទំនង” បណ្តាលមកពីសកម្មភាពនៃប្រព័ន្ធការពារ ដែនអាកាសរបស់អ៊ុយក្រែន ។

គេបានដឹងថា មានមនុស្ស ២នាក់បានស្លាប់ បន្ទាប់ពីមីស៊ីល១គ្រាប់បានធ្លាក់នៅ ភាគខាងកើតប្រទេសប៉ូឡូញ ក្បែរព្រំដែនអ៊ុយក្រែន បន្ទាប់ពីរលកនៃការវាយប្រហារ របស់រុស្ស៊ីឆ្លងកាត់អ៊ុយក្រែន ។
នៅមុននេះ លោកនាយករដ្ឋមន្ត្រី Rishi Sunak បានលើកឡើងថា ចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តកំពុងព្យាយាមស្វែងរក ការពិតអំពីការបំផ្ទុះនេះ ។
លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងថា វាមិនទំនងទេដែលមីស៊ីលនេះ ត្រូវបានបាញ់ចេញពីប្រទេសរុស្ស៊ី ។
ប្រតិកម្មរបស់សហរដ្ឋអាមេរិក ទទួលបានការសរសើរដ៏កម្រពីរុស្ស៊ី ដោយអ្នកនាំពាក្យវិមានក្រឹមឡាំង បានពណ៌នាថា វាជា “ការអត់ធ្មត់ និងបែបវិជ្ជាជីវៈ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
