បរទេស ៖ ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោង រយៈចម្ងាយខ្លីមួយគ្រាប់ (SRBM) ចូលទៅក្នុងសមុទ្រខាងកើត នៅថ្ងៃព្រហស្បតិ៍នេះ ដែលជាការបង្កហេតុ ជាលើកដំបូងរបស់ខ្លួន ក្នុងរយៈពេលជាងមួយ សប្តាហ៍មកនេះ ។ នេះបើយោងតាមយោធា កូរ៉េខាងត្បូង។
យោងតាមសារព័ត៌មាន Yonhap News ចេញផ្សាយនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា អគ្គសេនាធិការចម្រុះ (JCS) របស់កូរ៉េខាងត្បូង បាននិយាយថា ខ្លួនបានរកឃើញការបាញ់បង្ហោះចេញពីតំបន់ Wonsan ក្នុងខេត្ត Kangwon នៅម៉ោង 10:48 ព្រឹក ប៉ុន្តែមិនបានផ្តល់ព័ត៌មាន លម្អិតផ្សេងទៀតទេ ។
JCS បាននិយាយនៅ ក្នុងសារមួយផ្ញើទៅកាន់អ្នកយកព័ត៌មានថា “ខណៈដែលពង្រឹងការត្រួតពិនិត្យ និងការប្រុងប្រយ័ត្ន យោធារបស់យើងកំពុងរក្សា ជំហរត្រៀមខ្លួនពេញលេញ ក្នុងកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក” ។
ការបាញ់បង្ហោះនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Choe Son-hui បានព្រមានកូរ៉េខាងជើង នឹងចាត់វិធានការយោធា “កាន់តែខ្លាំងក្លា” ប្រសិនបើសហរដ្ឋអាមេរិក ប្រកាន់ខ្ជាប់នូវវិធានការ ដើម្បីពង្រឹងការប្តេជ្ញាចិត្ត “ការរារាំងបន្ថែម” របស់ខ្លួន ចំពោះសម្ព័ន្ធមិត្តក្នុងតំបន់៕
ប្រែសម្រួលៈ ណៃ តុលា