បរទេស៖ ក្រុងប៊ែរឡាំងបាននិយាយកាលពីថ្ងៃពុធថា ប្រទេសអាល្លឺម៉ង់ និងដៃគូអង្គការណាតូ មិនមានគម្រោងព្យាយាមបិទដែនអាកាសអ៊ុយក្រែន បន្ទាប់ពីមានការបំផ្ទុះមីស៊ីលដ៏ខ្លាំងក្លានៅក្នុងភូមិមួយនៅជិតព្រំដែនប៉ូឡូញ-អ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មាន អ្នកនាំពាក្យលោក Wolfgang Buchner បានកត់សម្គាល់ថា ទង្វើបែបនេះអាចបង្កឱ្យមានការប៉ះទង្គិចគ្នាដោយផ្ទាល់រវាងកងកម្លាំងរុស្ស៊ី និងអង្គការណាតូ។ លោកបាននិយាយថា «រួមជាមួយសម្ព័ន្ធមិត្តរបស់យើងទាំងអស់ យើងបានយល់ស្របថាយើងចង់បញ្ចៀសការកើនឡើងបន្ថែមទៀតនៃសង្គ្រាមនេះនៅអ៊ុយក្រែន»។
លោក Christian Thiels អ្នកនាំពាក្យក្រសួងការពារជាតិអាល្លឺម៉ង់បាននិយាយថា ទីក្រុងប៊ែរឡាំងបានស្នើសុំជួយប៉ូឡូញក្នុងការល្បាតដែនអាកាសរបស់ខ្លួន។ យោងតាមមន្ត្រីនោះ យន្តហោះចម្បាំង Eurofighter របស់អាល្លឺម៉ង់ អាចនឹងត្រូវបានដាក់ពង្រាយនៅព្រឹកថ្ងៃស្អែក៕ប្រែសម្រួលៈ ណៃ តុលា