ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង អាចនឹងពិចារណាដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់អាមេរិកនៅលើទឹកដីរបស់ខ្លួន

បរទេស៖ រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមរបស់ប្រទេសកូរ៉េខាងត្បូង លោក Kwon Young-se បាននិយាយថា កូរ៉េខាងត្បូងប្រហែលជាត្រូវពិចារណាទិញអាវុធនុយក្លេអ៊ែរ ឬដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់អាមេរិកនៅលើទឹកដីរបស់ខ្លួន ប្រសិនបើភាពតានតឹងជាមួយកូរ៉េខាងជើងកាន់តែកើនឡើងថែមទៀត។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅ​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Kwon ដែលជាមន្ត្រីកំពូលរបស់ទីក្រុងសេអ៊ូល ទទួលបន្ទុកទំនាក់ទំនងជាមួយកូរ៉េខាងជើង បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Yonhap កាលពីថ្ងៃព្រហស្បតិ៍ថា “ប្រសិនបើទំនាក់ទំនងអន្តរកូរ៉េបន្តកាន់តែអាក្រក់ ហើយភាពតានតឹងនៅតែបន្តកើនឡើង នោះរដ្ឋាភិបាល មិនអាចព្រងើយកន្តើយចំពោះ ការអំពាវនាវបែបនេះ ដោយគ្មានកំណត់ឡើយ ក្នុងករណីដែលមតិសាធារណៈងាកទៅរកអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងត្បូងក្នុងន័យទូលំទូលាយ” ។

លោកបានបន្ថែមថា ជម្រើសបែបនេះអាចមានសក្តានុពលរួមបញ្ចូល “ការចែករំលែកនុយក្លេអ៊ែរ” ឬការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកនៅលើទឹកដីកូរ៉េខាងត្បូង។

ទោះជាយ៉ាងណាក៏ដោយ លោក Kwon បានបញ្ជាក់ថា នៅពេលនេះ ទីក្រុងសេអ៊ូល មិនបានគិតអំពីការទទួលបានអាវុធនុយក្លេអ៊ែរ ឬនាំយកក្បាលគ្រាប់របស់អាមេរិក មកកាន់ឧបទ្វីបកូរ៉េនោះទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top