ព័ត៌មានអន្តរជាតិ

ស្លាប់តិចបំផុត២១នាក់ និងរបួសជាង៣០នាក់ ក្នុងហេតុការណ៍អគ្គីភ័យ កើតឡើង នៅតំបន់ហ្គាហ្សា ស្ទ្រីប

ហ្គាហ្សា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ថា ជនជាតិប៉ាឡេស្ទីន យ៉ាងហោចណាស់ចំនួន២១នាក់ រួមទាំងកុមារ ចំនួន៧នាក់ បានបាត់បង់ជីវិត និងជាង៣០នាក់ផ្សេងទៀត បានរងរបួស កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងហេតុការណ៍ អគ្គីភ័យដ៏ធំមួយ នៅខាងក្នុងអគារលំនៅដ្ឋាន១កន្លែង ស្ថិតនៅភាគខាងជើង នៃតំបន់ហ្គាហ្សាស្ទ្រីប ។
អ្នករងរបួសមួយចំនួន ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថា នឹងកើនឡើងនៅក្នុងភ្លើង ដែលបានឆាបឆេះនៅតំបន់ Tal-Za’tar ក្នុងជំរុំជនភៀសខ្លួន Jabalia ។ នេះបើយោងតាមលោក Salah Abu Laila នាយកមន្ទីរពេទ្យជនជាតិឥណ្ឌូនេស៊ី ដែលបានទទួលជនរងគ្រោះ ។

ក្រសួងការពារជន ស៊ីវិលប៉ាឡេស្ទីន បានប្រកាសនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ខ្លួនបានបញ្ជូនក្រុមជួយសង្គ្រោះ និងបុគ្គលិកសន្តិសុខ ជាច្រើននាក់ ទៅកាន់កន្លែងកើតហេតុ ។

សាក្សីប៉ាឡេស្ទីនបានឲ្យដឹងថា រថយន្តសង្គ្រោះបន្ទាន់ និងបុគ្គលិកការពារជនស៊ីវិល បានធ្វើការអស់ជាច្រើន ម៉ោងរួចមកហើយ ដើម្បីគ្រប់គ្រងភ្លើង ដែលបានឆាបឆេះនេះ ។

ក្រសួងមហាផ្ទៃក្នុងតំបន់ហ្គាហ្សា បានឲ្យដឹងនៅក្នុងសេចក្តី ថ្លែងការណ៍មួយថា ការស៊ើបអង្កេតបឋមបានបង្ហាញថា បរិមាណប្រេងឥន្ធនៈដ៏ច្រើន ដែលផ្ទុកនៅខាងក្នុងអគារ អាចបណ្តាលឱ្យមានអគ្គីភ័យ ។

ប្រភព និងសាក្សីនៅក្នុងតំបន់បានឲ្យដឹងថា អគារលំនៅដ្ឋាន នេះជាកម្មសិទ្ធិរបស់គ្រួសារ Abu Rayah ដែលកំពុងប្រារព្ធពិធី ដែលសមាជិកគ្រួសារដែលរង់ចាំជាយូរ មកហើយពីប្រទេសអេហ្ស៊ីប នៅគ្រា ដែលភ្លើងបានឆាបឆេះ ៕

To Top