ព័ត៌មានអន្តរជាតិ

សាមគ្គី សហប្រតិបត្តិការ ទទួលខុសត្រូវយ៉ាងអង់អាចក្លាហាន ដើម្បីបង្កើតសហគមន៍ រួមវាសនាអាស៊ីប៉ាស៊ីហ្វិក – លោក Xi Jinping ប្រធានរដ្ឋចិន ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំក្រៅផ្លូវការ នៃមេដឹកនាំ APEC លើកទី២៩

ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ កិច្ចប្រជុំក្រៅផ្លូវការនៃមេដឹកនាំ អង្គការសេដ្ឋកិច្ចនិងសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) លើកទី២៩ បានបើកធ្វើនៅក្រុងបាងកក ប្រទេសថៃ។ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញថ្លែងសុន្ទរកថា ក្រោមចំណងជើងថា« សាមគ្គី សហប្រតិបត្តិការ ទទួលខុសត្រូវយ៉ាងអង់អាចក្លាហាន ដើម្បីបង្កើតសហគមន៍រួមវាសនា អាស៊ីប៉ាស៊ីហ្វិក»។

លោក Xi Jinping បានលើកឡើងថា ប្រទេសចិនរីករាយក្នុងការរួម ជាមួយប្រទេសទាំងអស់ រួមរស់ដោយសន្តិភាពនិងអភិវឌ្ឍ ជាមួយគ្នាដោយឈរលើ មូលដ្ឋាននៃការគោរពគ្នា សមភាពនិងផ្តល់ផលប្រយោជន៍ដល់គ្នា។ ប្រទេសចិននឹងប្រកាន់ខ្ជាប់ នូវការបើកទូលាយចំពោះក្រៅប្រទេស ដែលមានក្របខណ្ឌកាន់តែធំ មានវិស័យកាន់តែច្រើន និងមានភាពកាន់តែស៊ីជម្រៅ ប្រកាន់ខ្ជាប់នូវការដើរតាមផ្លូវ ទំនើបកម្មតាមបែបផែនចិន កសាងយន្តការថ្មីផ្នែកសេដ្ឋកិច្ច បែបបើកទូលាយដែលប្រកបដោយ កម្រិតកាន់តែខ្ពស់ បន្តចែករំលែកជាមួយពិភពលោក ជាពិសេសអាស៊ីប៉ាស៊ីហ្វិក នូវឱកាសអភិវឌ្ឍន៍របស់ប្រទេចិន។

លោកXi Jinping បានលើកឡើងថា ត្រូវតែគាំពារយុត្តិធម៌ និងសច្ចភាពអន្តរជាតិ ដើម្បីកសាងអាស៊ីប៉ាស៊ីហ្វិក ប្រកបដោយសន្តិភាពនិងស្ថិរភាព។ លោកបានអំពាវនាវឱ្យភាគីនានា ចាប់ដៃគ្នាកសាងសហគមន៍ រួមវាសនាអាស៊ីប៉ាស៊ីហ្វិក និងបង្កើតភាពត្រចះត្រចង់ថ្មី នៃកិច្ចសហប្រតិបត្តិការក្នុងអាស៊ីប៉ាស៊ីហ្វីក។ លោកបានលើកឡើងថា សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក បានកើនឡើងយ៉ាងលឿន ក្នុងរយៈពេលរាប់សិនឆ្នាំកន្លងទៅនេះ ប្រការនេះគឺមានអំណោយផល ពីបរិយាកាសសន្តិភាពនិងស្ថិរភាព។ គន្លឹះសំខាន់មួយគឺការគោរពគ្នា ទៅវិញទៅមក សាមគ្គីនិងធ្វើកិច្ចសហប្រតិបត្តិការ ពេលជួបប្រទះបញ្ហា យើងពិគ្រោះពិភាក្សាជាមួយគ្នា ដើម្បីស្វែងរកផលប្រយោជន៍រួមធំបំផុត។ យើងត្រូវតែប្រកាន់ខ្ជាប់ ទស្សនៈសន្តិសុខប្រកបដោយភាពរួម ចម្រុះ កិច្ចសហប្រតិបត្តិការនិងនិរន្តរភាព គោរពអធិបតេយ្យភាព បូរណភាពទឹកដីរបស់ប្រទេសនានា មិនជ្រៀតជ្រែកកិច្ចការ ផ្ទៃក្នុងរបស់ប្រទេសដទៃ គោរពមាគ៌ាអភិវឌ្ឍន៍ និងរបបសង្គមដែលប្រជាជន នៃប្រទេសនានាបានជ្រើសរើស ដោយម្ចាស់ការ ផ្តោតសំខាន់ទៅលើការ យកចិត្តទុកដាក់ដោយសមហេតុផល ចំពោះផ្នែកសុវត្ថិភាពរបស់ប្រទេសនានា ដោះស្រាយជម្លោះ និងការខ្វែងគំនិត រវាងប្រទេសនិងប្រទេសដោយសន្តិវិធី ដូចជាតាមរយៈកិច្ចសន្ទនា និងកិច្ចពិគ្រោះពិភាក្សាជាដើម។ យើងត្រូវចូលរួមយ៉ាងសកម្ម នូវអភិបាលកិច្ចសកល ដើម្បីជំរុញឱ្យសណ្តាប់ធ្នាប់អន្តរជាតិ វិវឌ្ឍទៅមុខតាមទិសដៅកាន់តែ យុត្តិធម៌និងសមហេតុសមផល។

គួរប្រកាន់ខ្ជាប់នូវការបើក ទូលាយនិងបរិយាប័ន្ន ដើម្បីកសាង អាស៊ីប៉ាស៊ីហ្វិក ដែលមានវិបុលភាពរួម ។ ត្រូវប្រកាន់ខ្ជាប់នូវ ភាពបើកចំហក្នុងតំបន់ ពង្រឹងការសម្របសម្រួល គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច កសាងខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ ដែលមានភាពកាន់តែជិតស្និទ្ធ ជំរុញការធ្វើសេរីភាវូបនីយកម្ម និងកិច្ចសម្រួលពាណិជ្ជកម្ម និងការវិនិយោគ ជំរុញដំណើរសមាហរណកម្ម សេដ្ឋកិច្ចក្នុងតំបន់ប្រកបដោយ ស្ថិរភាពនិងកសាងតំបន់ពាណិជ្ជកម្ម សេរីអាស៊ីប៉ាស៊ីហ្វិក ដែលមានកម្រិតខ្ពស់ ។ ប្រទេសចិនរីករាយក្នុងការ សហការជាមួយភាគីពាក់ព័ន្ធ ដើម្បីអនុវត្ត 《កិច្ចព្រមព្រៀងស្តីពីភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់》 ប្រកបដោយគុណភាពខ្ពស់ នឹងបន្តជំរុញការចូលជាសមាជិក 《កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងរីកចម្រើនសម្រាប់ភាពជា ដៃគូអន្តរប៉ាស៊ីហ្វិក》 និង 《កិច្ចព្រមព្រៀងស្តីពីភាព ជាដៃគូសេដ្ឋកិច្ចឌីជីថល》 ដើម្បីជំរុញការអភិវឌ្ឍ បែបរួមបញ្ជូលគ្នាក្នុងតំបន់ ។នៅឆ្នាំ ២០២៣ ប្រទេសចិននឹងពិចារណា បើកធ្វើវេទិកាសហប្រតិបត្តិការអន្តរជាតិ ”ខ្សែក្រវាត់និងផ្លូវ” លើកទី៣ ដើម្បីបំពេញកម្លាំងចលចរថ្មី ទៅក្នុងការអភិវឌ្ឍនិងវិបុលភាព នៃអាស៊ីប៉ាស៊ីហ្វិកនិងទូទាំងពិភពលោក ។

គួរបន្តប្រកាន់ខ្ជាប់ការអភិវឌ្ឍ ដោយកាបូនទាបនិងបៃតង ដើម្បីកសាងអាស៊ីប៉ាស៊ីហ្វិកដ៏ស្រស់ស្អាត។ គួរបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសពន្លឿនការអភិវឌ្ឍដំណាលគ្នា រវាងឌីជីថលនិងបៃតង ជំរុញការផ្លាស់ប្តូររូបមន្ត និងដំឡើងកម្រិតខាងប្រភពថាមពល រចនាសម្ព័ន្ធឧស្សាហកម្ម និងរចនាសម្ព័ន្ធប្រើប្រាស់ ដើម្បីជំរុញសេដ្ឋកិច្ចនិងសង្គមកិច្ច ឲ្យអភិវឌ្ឍដោយបៃតង។ ឆ្នាំនេះយើងបានរួមគ្នាកំណត់នូវ គោលដៅក្រុងបាងកកស្តីពី សេដ្ឋកិច្ចបៃតងវដ្តជីវសាស្ត្រ ដើម្បីជំរុញទន្ទឹមគ្នារវាងការអភិរក្ស បរិស្ថានអេកូឡូស៊ី និងការអភិវឌ្ឍសេដ្ឋកិច្ច។ ភាគីចិននឹងផ្តល់ការឧប្បត្ថម្ភគាំទ្រ ដើម្បីសម្រេចបាននូវ គោលដៅក្រុងបាងកកនេះ ហើយក៏ស្វាគមន៍បណ្តាប្រទេស អាស៊ីប៉ាស៊ីហ្វិកចូលរួមយ៉ាងសកម្ម ក្នុងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលផងដែរ។

លោក Xi Jinping បានលើកឡើងថា បច្ចុប្បន្ន ជំងឺកូវីដ១៩នៅតែឆ្លងរាលដាល ការស្តារសេដ្ឋកិច្ចពិភពលោក ប្រឈមនឹងបញ្ហាគ្រប់បែបយ៉ាង ឯកតោភាគីនិយម ការគាំពារនិយមមានសភាពងើបឡើងខ្លាំង ដែលបានប៉ះពាល់ខ្លាំងដល់ ខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល។ អាស៊ីប៉ាស៊ីហ្វិកជាផ្ទះរបស់យើងគ្រប់គ្នា ក៏ជាប្រភពកម្លាំងចលករនៃ កំណើនសេដ្ឋកិច្ចពិភពលោកផងដែរ។ រាប់សិបឆ្នាំកន្លងមក កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកបាន រីកចម្រើនយ៉ាងខ្លាំង ដែលបង្កើតបានជា “អច្ឆរិយអាស៊ីប៉ាស៊ីហ្វិក” ដែលសកលលោកកត់សម្គាល់។ បច្ចុប្បន្ន សកលលោកបានឈរលើមាត់ផ្លូវ បំបែកនៃប្រវត្តិសាស្ត្រម្តងទៀត ឋានៈនៃអាស៊ីប៉ាស៊ីហ្វិកកាន់តែសំខាន់ឡើង តួនាទីនៃអាស៊ីប៉ាស៊ីហ្វិក ក៏កាន់តែលេចធ្លោដែរ។ ក្នុងបរិបទថ្មី យើងគួរពួតដៃគ្នាបង្កើតសហគមន៍ រួមវាសនាអាស៊ីប៉ាស៊ីហ្វិក ដើម្បីបង្កើតភាពរុងរឿងថ្មីនៃ កិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក។ យើងគួរប្រកាន់ខ្ជាប់ការរួម ជោគវាសនាដើម្បីកសាងអាស៊ីប៉ាស៊ីហ្វិក ដែលគាំទ្រគ្នានិងជួយគ្នាទៅវិញទៅមក។ គាំពារឋានៈសំខាន់នៃអង្គការ APEC ក្នុងកិច្ចសហប្រតិបត្តិការតំបន់ បន្តជំរុញឱ្យទំនាក់ទំនង ភាពជាដៃគូអាស៊ីប៉ាស៊ីហ្វិក កាន់តែមានទំនុកចិត្តចំពោះគ្នា រិយាប័ន្ន សហប្រតិបត្តិការនិងឈ្នះ-ឈ្នះ៕

To Top