ព័ត៌មានអន្តរជាតិ

អនុប្រធាន បក្សកាន់អំណាច តួកគីអះអាងថា លោកខាងលិច ប្រើប្រាស់អ៊ុយក្រែន ជាតួអង្គជំនួស ក្នុងសង្គ្រាម

បរទេស ៖ អនុប្រធានបក្សកាន់អំណាច របស់ប្រទេសតួកគី លោក Numan Kurtulmus កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការថ្លែង ប្រាប់ទៅកាន់ក្រុមអ្នកកាសែត របស់ CNN ថា លោកខាងលិចបានប្រើប្រាស់ អ៊ុយក្រែន ដូចទៅនឹងបុគ្គលិកស៊ីប្រាក់ខែ ដើម្បីធ្វើសង្គ្រាមប្រឆាំង ទៅនឹងប្រទេសរុស្សី ហើយវាបានបន្តពង្រីក និងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ទៅដល់គោលនយោបាយ របស់តួកគី ដែលកំពុងព្យាយាមក្នុងការ ចរចា ដើម្បីបញ្ចប់សង្គ្រាម ។

លោក Kurtulmus បានថ្លែងទៀតថា សង្គ្រាមនេះមិនមែនជាសង្គ្រាម រវាងរុស្សីនិងអ៊ុយក្រែន ឡើយប៉ុន្តែវាគឺជាសង្គ្រាមប្រឆាំងគ្នា រវាងរុស្សីជាមួយនឹងលោកខាងលិច ទៅវិញទេ ដោយក្នុងនោះអាមេរិក និងបណ្តាប្រទេស មួយចំនួននៅអឺរ៉ុបនិងបន្តអូសទាញ សង្គ្រាមនេះឲ្យធ្លាក់ចូលកាន់តែយូរ ទៅតាមរយៈការគាំទ្រដល់អ៊ុយក្រែន ។

លោកបន្តថា កន្លងមកប្រធានាធិបតីតួកគី Recep Tayyip Erdogan បានពិភាក្សាជាមួយ នឹងមេដឹកនាំរុស្សី និង អ៊ុយក្រែន ហើយកិច្ចព្រមព្រៀងសន្តិភាព ស្ទើរតែត្រូវបានធ្វើឡើងទៅហើយ ប៉ុន្តែបែរជាបរាជ័យទៅវិញ ដោយសារតែមានមានភាគី ដែលមិនចង់ឲ្យរឿងនេះ កើតឡើងទៅវិញ៕

ប្រែសម្រួល៖ស៊ុនលី

To Top