បរទេស៖ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Yoshiro Mori បាននិយាយថា ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានធ្វើឲ្យប្រជាជនក្នុងប្រទេសរបស់លោក «រងទុក្ខ»។ លោកបានបន្ថែមថា ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសជប៉ុន មានភាពលម្អៀង ក្នុងការផ្សាយរបស់ខ្លួន អំពីជម្លោះរុស្ស៊ីនិងអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Mori បាននិយាយនៅក្នុងសុន្ទរកថានៅឯព្រឹត្តិការណ៍នយោបាយក្នុងទីក្រុងតូក្យូកាលពីថ្ងៃសុក្រ ដែលត្រូវបានដកស្រង់ ដោយសារព័ត៌មាន Kyodo News ថា “ខ្ញុំមិនយល់ច្បាស់ទេថា ហេតុអ្វីបានជាមានតែ ប្រធានាធិបតីរុស្ស៊ីវ្ល៉ាឌីមៀ ពូទីនប៉ុណ្ណោះដែលត្រូវបានគេ រិះគន់ ខណៈដែលលោក Zelensky មិនបានធ្វើកិច្ចការអ្វីទាល់តែសោះ។ នេះជាបញ្ហា ហើយលោក Zelensky បានធ្វើឲ្យប្រជាជនអ៊ុយក្រែនជាច្រើនរងទុក្ខវេទនា” ។

អតីតនាយករដ្ឋមន្រ្តីជប៉ុន រូបនេះបន្តថា “ប្រព័ន្ធផ្សព្វផ្សាយជប៉ុន មានភាពលំអៀងទៅម្ខាង។ វាត្រូវបានរងឥទ្ធិពល ដោយរបាយការណ៍ ពីលោកខាងលិច។ ខ្ញុំមិនអាចជួយបានទេ ប៉ុន្តែមានអារម្មណ៍ថា ពួកគេពឹងផ្អែកតែលើរបាយការណ៍អឺរ៉ុប និងអាមេរិកប៉ុណ្ណោះ»។
លោក Yoshiro Mori ក៏បានរិះគន់ជំហររបស់នាយករដ្ឋមន្ត្រីជប៉ុន បច្ចុប្បន្នលោក Fumio Kishida លើជម្លោះថាជា “ភាគីម្ខាង” ហើយមានទំនោរ ទៅរកសហរដ្ឋអាមេរិក៕
ប្រែសម្រួលៈ ណៃ តុលា
