ព័ត៌មានអន្តរជាតិ

តួកគី បើកការវាយ​ប្រហារ​ ក្រុម​ឃើដ​នៅ​អ៊ីរ៉ាក់ និងស៊ីរី បន្ទាប់​ពី​ការ​បំផ្ទុះ​នៅ​ក្រុង​អ៊ីស្តង់ប៊ុល

អង់ការ៉ា៖ ក្រសួងការពារជាតិតួកគី បានឲ្យដឹងថាតួកគី បានធ្វើប្រតិបត្តិការតាមផ្លូវអាកាស កាលពីព្រឹកថ្ងៃអាទិត្យ ប្រឆាំងនឹងអង្គភាពការពារប្រជាជនឃឺដ (YPG) នៅភាគខាងជើងប្រទេសស៊ីរី និងគណបក្សពលករឃឺដ (PKK) ខុសច្បាប់នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។

ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍ជា លាយលក្ខណ៍អក្សរថា ប្រតិបត្តិការផ្លូវអាកាស “Claw-Sword” ត្រូវបានធ្វើឡើងនៅក្នុងតំបន់ ដែលប្រើជាមូលដ្ឋាន ដើម្បីវាយប្រហារតួកគី និងក្នុងការការពារខ្លួនស្របតាមមាត្រាទី៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។

ក្រសួងបានឲ្យដឹងទៀត នៅក្នុងធ្វីតធ្វីតមុននេះថា “ដល់ពេលដែលត្រូវគិតគូរហើយ! អ្នកបោកប្រាស់កំពុងត្រូវទទួលខុសត្រូវ ចំពោះការវាយប្រហារក្បត់ជាតិ” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រតិបត្តិការ​នេះ​បាន​កើត​ឡើង​ បន្ទាប់​ពី​ការ​វាយ​ប្រហារ​ដ៏​សាហាវ​ កាល​ពី​ថ្ងៃ​អាទិត្យ​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ៦នាក់​និង​បាន​ធ្វើ​ឱ្យ​មនុស្ស​ចំនួន ៨១ នាក់​រង​របួស។

ប៉ូលិសតួកគីបានឲ្យដឹងថា ពួកគេបានឃាត់ខ្លួនស្ត្រីជនជាតិស៊ីរីម្នាក់ឈ្មោះ Ahlam Albashir ដែលបានសារភាពថា បានទទួលបញ្ជាវាយប្រហារពី YPG ។ ទីក្រុងអង់ការ៉ា មើលឃើញថា YPG ជាសាខាស៊ីរីរបស់ PKK ។

គួរបញ្ជាក់ថា PKK ដែលត្រូវបានចុះបញ្ជី ជាអង្គការភេរវករដោយតួកគី សហរដ្ឋអាមេរិក និងអឺរ៉ុប បានបះបោរប្រឆាំងនឹង រដ្ឋាភិបាលតួកគីអស់រយៈពេលជាង ៣ទសវត្សរ៍មកហើយ ដោយបានឆក់យកជីវិតមនុស្សជាង ៤០០០០ នាក់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top