តេអេរ៉ង់៖ ប្រធានអង្គការនុយក្លេអ៊ែរអ៊ីរ៉ង់ បានប្តេជ្ញាថា អ៊ីរ៉ង់នឹងផ្តល់ “ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់” ឆ្ពោះទៅរកការអនុម័តដំណោះស្រាយ ប្រឆាំងនឹងទីក្រុងតេអេរ៉ង់ ដោយក្រុមប្រឹក្សាភិបាលនៃ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានផ្លូវការ IRNA ។
លោក Mohammad Eslami ប្រធានអង្គការថាមពលអាតូមិក នៃប្រទេសអ៊ីរ៉ង់ (AEOI) បានឲ្យដឹងនៅក្រៅពិធីរំលឹកខួបមួយថា ទីក្រុងតេអេរ៉ង់ធ្លាប់បាននិយាយថា ការអនុម័តសេចក្តីសម្រេចចិត្ត នេះច្បាស់ណាស់ថា ជាវិធានការ “មិនស្ថាបនាក្នុងការរក្សាសម្ពាធអតិបរមា លើប្រទេសរបា់លោក ហើយនឹងមិនរួមចំណែកដល់ ការដោះស្រាយបញ្ហា ដែលមានស្រាប់នោះទេ។
លោកបានលើកឡើងថា វាហាក់ដូចជាសហរដ្ឋអាមេរិក និងក្រុម E3 នៃប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់ នឹងមិនប្រើវិធីនៃការដាក់សម្ពាធផ្សេងៗ រួមទាំងការចេញដំណោះស្រាយ និងការដាក់ទណ្ឌកម្ម។
លោក Eslami បានសង្កត់ធ្ងន់ថា កម្មវិធី និងផែនការនុយក្លេអ៊ែររបស់អ៊ីរ៉ង់ កំពុងដំណើរការទៅមុខ យោងទៅតាមច្បាប់ដែលបានអនុម័ត ក្នុងឆ្នាំ២០២០ ដោយសភាអ៊ីរ៉ង់ ដើម្បីប្រឆាំងនឹងការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក និងការពារផលប្រយោជន៍ប្រជាជន ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ ដោយកត់សម្គាល់ថា ការចេញដំណោះស្រាយចម្រុះ នឹងបរាជ័យក្នុងការបង្កការរំខានណាមួយ នៅក្នុងការអនុវត្តរបស់ពួកគេ។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ ក្រុមប្រឹក្សាភិបាលរបស់ IAEA បានអនុម័តដំណោះស្រាយដែល ស្នើឡើងដោយសហរដ្ឋអាមេរិក អង់គ្លេស បារាំង និងអាល្លឺម៉ង់ ដែលបានអំពាវនាវឱ្យអ៊ីរ៉ង់សហការ ជាមួយអ្នកស៊ើបអង្កេតរបស់ IAEA ទាក់ទងនឹង “ដាននៃសារធាតុអ៊ុយរ៉ាញ៉ូម” នៅកន្លែងមួយចំនួន “មិនបានប្រកាស” របស់ខ្លួន ហើយ អ៊ីរ៉ង់បានច្រានចោលការចោទប្រកាន់នេះ ៕
ប្រែសម្រួល ឈូក បូរ៉ា