គៀវ៖ អ្នកនយោបាយ និងជាអ្នកនិពន្ធប្រលោមលោក បានឲ្យដឹងនៅលើកញ្ចក់ទូរទស្សន៍រដ្ឋរុស្ស៊ី នាពេលថ្មីៗនេះថា ការចរចាររុស្ស៊ីជាមួយអ៊ុយក្រែន គឺជាឧបាយកល ដើម្បីពន្យាពេលសង្រ្គាមរហូតដល់រុស្ស៊ី ទទួលបានកម្លាំងឡើងវិញ ដើម្បីវាយប្រហារ។
កាលពីដើមខែនេះ ក្រសួងការបរទេសរុស្ស៊ី បានធ្វើសន្និសីទសារព័ត៌មានមួយ ដែលក្នុងនោះអ្នកនាំពាក្យលោកស្រី Maria Zakharova បានឲ្យដឹងថា ប្រជាជាតិបើកចំហ សម្រាប់ការចរចាសន្តិភាព ហើយត្រៀមខ្លួនជាស្រេចដើម្បីចរចា។
ក្រសួងការបរទេសរុស្ស៊ី បានថ្កោលទោសអ៊ុយក្រែន ចំពោះការដកខ្លួនចេញពីដំណើរការចរចា ប៉ុន្តែលោក Zakhar Prilepin ដែលត្រូវបានចាប់ខ្លួន ពីបទឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន បានប្រាប់ទូរទស្សន៍រដ្ឋរុស្ស៊ីថា ការចរចាគឺជាឧបាយកល ដើម្បីពន្យាពេលសង្គ្រាម រហូតដល់រុស្ស៊ីអាចវាយប្រហារ ដោយកម្លាំងកើនឡើងជាថ្មីម្ដងទៀត។
លោក Prilepin បានប្រាប់ពិធីករទូរទស្សន៍រុស្ស៊ី Olga Skabeyeva ថារុស្ស៊ីសង្ឃឹមថា នឹងចាប់ផ្តើមការចរចា ជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី។ ទោះជាយ៉ាងណា បើទោះជាទទួលបានលទ្ធផលយ៉ាងណាក៏ដោយ លោកPrilepin រំពឹងថា ការប្រយុទ្ធនឹងបន្ត។
លោក Prilepin បាននិយាយអំពីការចរចាជាមួយ លោក ហ្សេឡិនស្គី ថា “ខ្ញុំយល់ថាវាមានសារៈសំខាន់ ជាយុទ្ធសាស្ត្រ សម្រាប់យើងក្នុងការទាញចេញពីស្ថានភាពនេះ” ។ “យើងច្បាស់ណាស់ថា មិនទាន់ត្រៀមខ្លួនរួចរាល់ ក្នុងការចាប់ផ្តើមសកម្មភាពវាយលុកនោះទេ។”
លោក Prilepin បានបន្ដថាការបន្តការចរចា ជាមួយអ៊ុយក្រែន នឹងជួយឲ្យប្រទេសរុស្ស៊ី ទិញបានពេលវេលាគ្រប់គ្រាន់ ដើម្បីបង្កើនទំហំកងកម្លាំងរបស់ខ្លួនទ្វេដង មុនពេលឈានទៅមុខ។
លោក ហ្សេឡិនស្គី ធ្លាប់បានលើកឡើងថា អ៊ុយក្រែន មានឆន្ទៈក្នុងការចូលចរចាជាមួយរុស្ស៊ី ប៉ុន្តែប្រសិនបើវិមានក្រឹមឡាំង បានតែងតាំងប្រធានាធិបតីថ្មី ក្រៅពីមេដឹកនាំបច្ចុប្បន្ន គឺលោក វ្ល៉ាឌីមៀ ពូទីន៕ ប្រែសម្រួល ឈូក បូរ៉ា