ព័ត៌មានអន្តរជាតិ

Update៖ សហរដ្ឋអាមេរិក អំពាវនាវឲ្យមានសេចក្តីថ្លែងការណ៍របស់ប្រធានក្រុមប្រឹក្សាសន្តិសុខ សហប្រជាជាតិ ដើម្បីឲ្យកូរ៉េខាងជើង ទទួលខុសត្រូវចំពោះការបាញ់សាកល្បងមីស៊ីល

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ថា កាលពីថ្ងៃចន្ទ សហរដ្ឋអាមេរិក បានអំពាវនាវឱ្យមានសេចក្តីថ្លែងការណ៍របស់ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ដើម្បីឱ្យប្រទេសកូរ៉េខាងជើង ទទួលខុសត្រូវចំពោះការសាកល្បងមីស៊ីលរបស់ខ្លួន បន្ទាប់ពីក្រុងព្យុងយ៉ាង បានបាញ់បង្ហោះមីស៊ីលផ្លោងអន្តរទ្វីប (ICMB)កាលពីសប្តាហ៍មុន ដែលមានសមត្ថភាពទៅដល់ដីគោករបស់សហរដ្ឋអាមេរិក ។


លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានថ្លែងថា វាមានសារៈសំខាន់ណាស់ដែលក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក១៥រូបឆ្លើយតបដោយសំឡេងតែមួយ និងបានអះអាងឡើងវិញនូវការចោទប្រកាន់របស់សហរដ្ឋអាមេរិកដែលថា ចិន និងរុស្ស៊ីកំពុង “ពង្រឹង” ក្រុងព្យុងយ៉ាង ដោយការរារាំងសកម្មភាពរបស់ក្រុមប្រឹក្សា ។

លោកស្រីបានប្រាប់ដល់កិច្ចប្រជុំក្រុមប្រឹក្សានៅក្រុងវ៉ាស៊ីនតោនថា “ការរារាំងយ៉ាងម៉ឺងម៉ាត់របស់សមាជិកទាំង២នេះធ្វើឱ្យតំបន់អាស៊ីឦសាន និងពិភពលោកទាំងមូលប្រឈមនឹងហានិភ័យ” ។

លោកស្រីបានលើកឡើងថា “យើងនឹងផ្តល់ឱកាសមួយផ្សេងទៀតសម្រាប់ក្រុមប្រឹក្សាដើម្បីទទួលខុសត្រូវលើប្រទេសកូរ៉េខាងជើង ចំពោះវោហាសាស្ត្រដ៏គ្រោះថ្នាក់ និងសកម្មភាពអស្ថិរភាពរបស់ខ្លួន ។ សហរដ្ឋអាមេរិក នឹងស្នើឱ្យមានសេចក្តីថ្លែងការណ៍របស់ប្រធានដល់ទីបញ្ចប់នេះ” ។

ចំណែក ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិរបស់ប្រទេសចិន លោក Zhang Jun បានថ្លែងថា ប្រទេសចិន “មានការព្រួយបារម្ភ” ដោយ “ការកើនឡើងនៃភាពតានតឹង និងការប្រឈមមុខដាក់គ្នាកាន់តែខ្លាំង” នៅលើឧបទ្វីបកូរ៉េ ប៉ុន្តែបានលើកឡើងថា ក្រុមប្រឹក្សាគួរតែជួយបន្ធូរបន្ថយភាពតានតឹង និងមិនតែងតែថ្កោលទោស ឬដាក់សម្ពាធលើក្រុងព្យុងយ៉ាងនោះទេ ។

លោកបានថ្លែងថា ក្រុងវ៉ាស៊ីនតោន គួរតែចាត់វិធានការ និងដាក់ចេញនូវសំណើជាក់ស្តែង ដើម្បីឆ្លើយតបទៅនឹង “កង្វល់ស្របច្បាប់” របស់កូរ៉េខាងជើង ។

លោក Zhang បានបញ្ជាក់ថា “ភាគីទាំងអស់គួរតែរក្សាភាពស្ងប់ស្ងាត់ អនុវត្តការអត់ធ្មត់ ធ្វើសកម្មភាព និងលើកឡើងដោយប្រុងប្រយ័ត្ន និងជៀសវាងសកម្មភាពដែលអាចបង្កើនភាពតានតឹង និងនាំឱ្យមានការគិតខុស ដើម្បីទប់ស្កាត់ស្ថានភាពមិនឱ្យធ្លាក់ចូលទៅក្នុងវដ្តដ៏កាចសាហាវ” ៕


ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top