ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម គឺ នាយឧត្តមសេនីយ៍ Phan Van Giang ពេលនេះស្ថិតនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) Retreat ដែលជាកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការពារជាតិអាស៊ាន-អាមេរិក និងអាស៊ាន-ឥណ្ឌា លើកទី៩ គឺបានជួបជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការពារជាតិ កម្ពុជា កាលពីថ្ងៃទី២១ ខែវិច្ឆិកា។
យោងតាមសារព័ត៌មានវៀតណាម Vietnam Plus ចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាគ្នាអំពីបញ្ហាក្នុងតំបន់ និងពិភពលោកមួយចំនួនដែលមានការព្រួយបារម្ភរួមគ្នា ហើយបានស្វែងរកមធ្យោបាយដើម្បីលើកកម្ពស់ភាពជាដៃគូរបស់ប្រទេសទាំង២បន្ថែមទៀតនាពេលអនាគត ផងដែរ។
ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការរបស់ក្រសួងការពារជាតិនៃប្រទេសទាំងពីរជាមួយស្ថាប័នពាក់ព័ន្ធនៃភាគីទាំងសងខាង ដើម្បីរៀបចំសកម្មភាពកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ រួមចំណែកដល់ជោគជ័យនៃឆ្នាំមិត្តភាពវៀតណាម-កម្ពុជា កម្ពុជា-វៀតណាម ឆ្នាំ២០២២ និងទំនាក់ទំនងរវាងកងទ័ពទាំងពីរ។
នាយឧត្តមសេនីយ៍ Giang បានអបអរសាទរចំពោះក្រសួងការពារជាតិកម្ពុជា ដែលបានទទួលជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំយោធា-ការពារជាតិអាស៊ានសម្រាប់ឆ្នាំ 2022 ហើយបានសម្តែងការជឿជាក់ថា កិច្ចប្រជុំ ADMM Retreat និង ADMM Plus លើកទី៩ នឹងទទួលបានជោគជ័យផងដែរ ដោយបានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាតួនាទីកណ្តាលរបស់ អាស៊ាន។
នាយឧត្តមសេនីយ៍ Giang ក៏បានអញ្ជើញសម្តេចពិជ័យសេនា នាយឧត្តមសេនីយ៍ ទៀ បាញ់ មកបំពេញទស្សនកិច្ចនៅវៀតណាមសម្រាប់ពិព័រណ៍ការពារជាតិអន្តរជាតិ ដែលវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងខែធ្នូផងដែរ៕ប្រែសម្រួលៈ ណៃ តុលា