ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលតួកគី គំរាម​វាយលុក​នៅ ​ភាគ​ខាងជើង​ប្រទេស​ស៊ីរី ខណៈ​រុស្ស៊ី និង​អាមេរិក​អំពាវនាវ​ឲ្យ​ មាន​ភាពស្ងប់ស្ងាត់

អង់ការ៉ា៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានឲ្យដឹងថា ប្រតិបត្តិការយោធាជើងគោក នឹងធ្វើតាមរលកនៃការវាយប្រហារ តាមអាកាសនៅភាគខាងជើងប្រទេសស៊ីរី និងភ្នំនៃប្រទេសអ៊ីរ៉ាក់។

ការវាយប្រហាររបស់តួកគី បានសម្លាប់មនុស្សរាប់សិបនាក់ ភាគច្រើនជាយុទ្ធជនជីវពលឃឺដ ដែលទីក្រុងអង់ការ៉ា បានស្តីបន្ទោស ចំពោះការវាយប្រហារដោយ គ្រាប់បែកនៅអ៊ីស្តង់ប៊ុល ក្នុងខែនេះ។

ការផ្ទុះនៅផ្លូវ Istiklal ដែលជាកន្លែងលក់ទំនិញដ៏មមាញឹក បានសម្លាប់មនុស្ស៦នាក់ និងរបួសជាង៨០នាក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។

គណបក្សពលករឃឺដ ឬ PKK និងកងកម្លាំងប្រជាធិបតេយ្យស៊ីរី ដែលជាកងជីវពលឃឺដភាគច្រើន គាំទ្រដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេសស៊ីរី ទាំងពីរបានបដិសេធមិនទទួលខុសត្រូវ ចំពោះការវាយប្រហារនេះឡើយ។

លោក Erdogan បានប្រាប់អ្នកយកព័ត៌មាន នៅលើជើងហោះហើរពីប្រទេសកាតា បន្ទាប់ពីបានចូលរួមពិធីបើកការ ប្រកួតបាល់ទាត់ពិភពលោកថា “មិនមានចម្ងល់នោះទេ ដែលប្រតិបត្តិការនេះ នឹងត្រូវបានកំណត់ត្រឹមតែ ប្រតិបត្តិការលើអាកាសប៉ុណ្ណោះ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top