ញូវយ៉ក ៖ តម្លៃប្រេងបានកើនឡើង កាលពីថ្ងៃអង្គារ ខណៈដែលអ្នកចូលរួមទីផ្សារបានថ្លឹងថ្លែង ពីការផ្គត់ផ្គង់ពីអ្នកផលិតធំៗ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
West Texas Intermediate សម្រាប់ការចែកចាយខែមករា បានកើនឡើង ៩១ សេន ឬ ១,១ភាគរយ មកទូទាត់នៅតម្លៃ ៨០,៩៥ដុល្លារអាមេរិក ក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New York Mercantile Exchange ។
ប្រេងឆៅ Brent សម្រាប់ការចែកចាយខែមករា បានបន្ថែម ៩១សេន ឬ ១ភាគរយដើម្បីទូទាត់នៅ ៨៨,៣៦ដុល្លារក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន London ICE Futures Exchange ។
ប្រតិកម្មទីផ្សារខាងលើ បានកើតឡើងបន្ទាប់ពីសមាជិកសំខាន់ៗ នៃអង្គការប្រទេសនាំចេញប្រេង (OPEC) ដូចជា អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និងគុយវ៉ែត បានសង្កត់ធ្ងន់លើសម្ព័ន្ធភាព ក្នុងគោលបំណងរក្សាស្ថិរភាព នៅលើទីផ្សារប្រេង ដោយបដិសេធរបាយការណ៍ ដែលថាមានការពិភាក្សា ដើម្បីបង្កើនការផលិត ប្រេងនៅកិច្ចប្រជុំ OPEC+ លើកក្រោយ។
OPEC និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលត្រូវបានគេស្គាល់ថាជាសមូហភាព OPEC+ បានសម្រេចចិត្តក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនាពេលថ្មីៗនេះ ដើម្បីកាត់បន្ថយការផលិតចំនួន ២លានបារ៉ែលក្នុងមួយថ្ងៃ ដោយចាប់ផ្តើមពីខែវិច្ឆិកា។
ពាណិជ្ជករក៏បានរង់ចាំទិន្នន័យ ស្តីពីសារពើភ័ណ្ឌប្រេងឥន្ធនៈ របស់សហរដ្ឋអាមេរិកផងដែរ ខណៈដែលរដ្ឋបាលព័ត៌មាន ថាមពលរបស់សហរដ្ឋអាមេរិក គ្រោងនឹងចេញផ្សាយរបាយការណ៍ ស្ថានភាពប្រេងឥន្ធនៈប្រចាំសប្តាហ៍ របស់ខ្លួននៅថ្ងៃពុធនេះ ៕