ព័ត៌មានអន្តរជាតិ

តួកគី អំពាវនាវឲ្យអាមេរិក បញ្ឈប់ការគាំទ្រ សម្រាប់អង្គភាពការពារ ប្រជាជនឃឺដ YPG នៅភាគខាងជើងស៊ីរី

អង់ការ៉ា ៖ រដ្ឋមន្ត្រីការពារជាតិតួកគី លោក Hulusi Akar បានជំរុញប្រទេសផ្សេងទៀត ជាពិសេស សហរដ្ឋអាមេរិក ឱ្យបញ្ឈប់ការគាំទ្រ ណាមួយសម្រាប់អង្គភាព ការពារប្រជាជនឃឺដ (YPG) នៅភាគខាងជើងប្រទេសស៊ីរី ។

លោក Akar បានប្រាប់សភាតួកគីថា “យើងប្រាប់អ្នក សម្របសម្រួលរបស់យើងទាំងអស់ ជាពិសេសសហរដ្ឋអាមេរិកថា PKK (គណបក្សពលករឃឺដ) ស្មើ YPG ។ យើងទាមទារយ៉ាង ទទូចឱ្យបញ្ឈប់ការគាំទ្រ ទាំងអស់ចំពោះភេរវករ” ។

ទំនាក់ទំនងរវាង សម្ព័ន្ធមិត្ដណាតូទាំងពីរ មានភាពតានតឹងជាយូរណាស់មកហើយ ដោយសារការគាំទ្រយោធា របស់សហរដ្ឋអាមេរិក ចំពោះ YPG ដែលសហការជាមួយ ទីក្រុងវ៉ាស៊ីនតោន ក្នុងប្រតិបត្តិការប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម ។

លោក Akar បានសង្កត់ធ្ងន់ថា ប្រតិបត្តិការតាមអាកាសនាពេលថ្មីៗ នេះរបស់តួកគី ទៅកាន់ភាគខាងជើងប្រទេសស៊ីរី និងភាគខាងជើងប្រទេសអ៊ីរ៉ាក់ គឺស្របតាមច្បាប់អន្តរជាតិ គោរពសិទ្ធិអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសជិតខាងរបស់ខ្លួន ហើយបានកំណត់គោលដៅតែ “ភេរវករ” ប៉ុណ្ណោះ។

តួកគី បានធ្វើប្រតិបត្តិការ តាមអាកាសកាលពីថ្ងៃអាទិត្យ ប្រឆាំងនឹងក្រុម YPG នៅភាគខាងជើងប្រទេសស៊ីរី និងក្រុម PKK នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

រដ្ឋមន្ត្រីបានឲ្យដឹងថា “ប្រតិបត្តិការ Claw-Sword” គឺជាប្រតិបត្តិការពីលើអាកាសដ៏ធំបំផុត ទូលំទូលាយ និងមានប្រសិទ្ធភាពបំផុត” របស់តួកគី ដែលកំពុងធ្វើឡើង នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់៕
ប្រែសម្រួល ឈូក បូរ៉ា

To Top