បរទេស៖ ឆ្លើយតបនឹងសំណួរពីទូរទស្សន៍ Shenzhenថា យោងតាមសេចក្តីរាយការណ៍ រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី លោក Prabowo Subianto បាននិយាយនៅក្នុងសន្និសីទកាសែត ជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Llyod Austin នាពេលថ្មីៗនេះថា ឥណ្ឌូនេស៊ីជាមិត្តល្អជាមួយចិន និងអាមេរិក ហើយរក្សាទំនាក់ទំនងមិត្តភាព ជាមួយប្រទេសទាំងពីរ។
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា ចិន និងឥណ្ឌូណេស៊ី គឺជាប្រទេសកំពុងអភិវឌ្ឍន៍ធំ និងជាតំណាងនៃប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន។
លោកថា យើងចែករំលែកផលប្រយោជន៍ ទៅវិញទៅមកយ៉ាងទូលំទូលាយ និងកន្លែងធំទូលាយ សម្រាប់កិច្ចសហប្រតិបត្តិការ។ មិនយូរប៉ុន្មាន លោកប្រធានាធិបតី Xi Jinping បានចូលរួមកិច្ចប្រជុំកំពូល G20 លើកទី 17 នៅប្រទេសឥណ្ឌូនេស៊ី ហើយបានជួបជាមួយប្រធានាធិបតី Joko Widodo ។
យោងតាមវែបសាយរបស់ ក្រសួងការបរទេសចិន បានឱ្យដឹងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ថា មេដឹកនាំទាំងពីរបានឈានដល់ ការឯកភាពដ៏សំខាន់នៃការរួមគ្នា កសាងសហគមន៍ចិន-ឥណ្ឌូនេស៊ី ដែលមានអនាគតរួមគ្នា។ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ កម្រិតខ្ពស់ចិន-ឥណ្ឌូណេស៊ី បានធ្វើជាគំរូដ៏ល្អសម្រាប់ ប្រទេសកំពុងអភិវឌ្ឍន៍ធំៗដែល កំពុងស្វែងរកការពង្រឹងខ្លួនតាមរយៈ កិច្ចសហប្រតិបត្តិការដោយស្មោះ។
លោក Zhao Lijian បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មាននៅថ្ងៃទី២៣ ខែវិច្ឆិកាថា អ្វីដែលរដ្ឋមន្ត្រីការពារជាតិបាននិយាយក៏ចង្អុលបង្ហាញដល់សេចក្តីប្រាថ្នារួម របស់ប្រទេសក្នុងតំបន់សម្រាប់ការបើកចំហរ និងការរួមបញ្ចូលគ្នា និងការប្រឆាំងនឹងការបង្ខំឱ្យជ្រើសរើសភាគី។ អាស៊ី-ប៉ាស៊ីហ្វិក គឺជាអ្នកពន្លឿនកិច្ចសហប្រតិបត្តិការ ជាជាងជាក្តារអុកសម្រាប់ការ ប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ។
លោកបន្ថែមថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយភាគីទាំងអស់ ដើម្បីពង្រឹងការសន្ទនា និងការប្រាស្រ័យទាក់ទង ពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ និងរួមគ្នាការពារសន្តិភាព និងវិបុលភាពក្នុងតំបន់ ៕
ប្រែសម្រួលៈ ណៃ តុលា