WARSAW៖ រដ្ឋាភិបាលប៉ូឡូញ បានផ្ញើកំណត់ទូតទៅកាន់ ប្រទេសទាំងអស់នៃសហភាពអឺរ៉ុប អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) និងក្រុមប្រឹក្សាអឺរ៉ុបទាក់ទងនឹង ការទាមទារសំណងសង្គ្រាមរបស់ខ្លួន ប្រឆាំងនឹងប្រទេសអាល្លឺម៉ង់ នេះបើតាមអនុរដ្ឋមន្ត្រីការបរទេសប៉ូឡូញ។
នៅថ្ងៃទី១ ខែកញ្ញា រដ្ឋាភិបាលប៉ូឡូញ បានបង្ហាញរបាយការណ៍ដ៏ទូលំទូលាយមួយ ដែលរៀបរាប់អំពីការបាត់បង់សម្ភារៈ ដែលប្រទេសប៉ូឡូញ ទទួលរងក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។ ប្រទេសនេះកំពុងសុំសំណងហិរញ្ញវត្ថុ ពីប្រទេសអាឡឺម៉ង់ដល់ទំហំទឹកប្រាក់ ១,៣ ពាន់ពាន់លានអឺរ៉ូ (១,៣ ពាន់ពាន់លានដុល្លារអាមេរិក)។
ក្រោយមក ក្រសួងការបរទេសប៉ូឡូញ បានផ្ញើកំណត់ទូតមួយ ទៅកាន់ប្រទេសអាល្លឺម៉ង់ ដើម្បីស្នើសុំសំណង សម្រាប់ការខាតបង់ក្នុងសង្គ្រាម។ ទោះជាយ៉ាងណា អាល្លឺម៉ង់ រក្សាថាបញ្ហាសំណងដល់ ប៉ូឡូញត្រូវបានបិទ។
អនុរដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Arkadiusz Mularczyk ដែលដឹកនាំក្រុម ដែលមានភារកិច្ចរៀបចំរបាយការណ៍នោះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានប៉ូឡូញ (PAP) ថា កំណត់ទូតត្រូវបានផ្ញើទៅប្រាប់អ្នកការទូត អ្នកនយោបាយ អ្នកពាក់ព័ន្ធសិទ្ធិមនុស្ស និងមេធាវីអន្តរជាតិថា “បញ្ហានេះ មិនត្រូវបានដោះស្រាយនោះទេ ដែលវាទាក់ទងនឹងនីតិរដ្ឋអឺរ៉ុប និងសិទ្ធិមនុស្សអន្តរជាតិ”។
លោក Mularczyk បានលើកឡើងថា ឯកសារនេះបានបង្ហាញថា ប្រទេសអាល្លឺម៉ង់ មិនបានដោះស្រាយការខាតបង់ ដែលទទួលរងដោយប៉ូឡូញ ជាលទ្ធផលនៃសង្រ្គាម។ វាមិនបានប្រគល់ស្នាដៃសិល្បៈ ឬទ្រព្យសម្បត្តិធនាគារដែលត្រូវបានគេលួចត្រឡប់មកវិញ ហើយក៏មិនបានផ្តល់សំណង ដល់ពលរដ្ឋប៉ូឡូញ សម្រាប់គ្រោះថ្នាក់ដែលពួកគេ បានរងគ្រោះដោយសារការឈ្លានពានរបស់ប្រទេសអាល្លឺម៉ង់ដែរ ។
លោកបានបន្ថែមថា ប៉ូឡូញ ចង់ចាប់ផ្តើមការពិភាក្សាអន្តរជាតិ លើបញ្ហានេះដោយលើកឡើងថា ទីក្រុងប៊ែរឡាំង មិនទាន់បានដោះស្រាយគណនី របស់ខ្លួនជាមួយប៉ូឡូញនោះទេ ហើយមិនទាន់បានឆ្លើយតបទៅនឹង កំណត់ទូតដែលផ្ញើដោយទីក្រុង Warsaw ៕
ប្រែសម្រួល ឈូក បូរ៉ា