បរទេស ៖ ប្រទេសអាល្លឺម៉ង់ និងបារាំង បានអំពាវនាវ ឱ្យមានការជំរុញរួមគ្នា របស់សហភាពអឺរ៉ុប ប្រឆាំងនឹងគម្រោង លើកទឹកចិត្តដ៏សំខាន់មួយ នៅក្នុងសហរដ្ឋអាមេរិក ដែលប្លុកនេះ ចាត់ទុកថាជាការរើសអើង ចំពេលមានការភ័យខ្លាចថា វាប្រថុយនឹងបង្កឱ្យមានសង្គ្រាម ពាណិជ្ជកម្មរវាងទីក្រុងព្រុចសែល និង ទីក្រុងវ៉ាស៊ីនតោន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង Bruno Le Maire និងសមភាគីអាល្លឺម៉ង់ របស់លោក Robert Habeck បាននិយាយថា ពួកគេបានអំពាវនាវ ឱ្យមានគោលនយោបាយ ឧស្សាហកម្មរបស់សហភាពអឺរ៉ុប ដែលអាចឱ្យក្រុមហ៊ុនរបស់ប្លុកនេះ “រីកចម្រើនក្នុងការប្រកួត ប្រជែងជាសកល” ។
នៅក្នុងសេចក្តីថ្លែងការណ៍បានបន្ថែមថា “យើងចង់សម្របសម្រួលយ៉ាងជិតស្និទ្ធនូវវិធីសាស្រ្តអឺរ៉ុប ចំពោះបញ្ហាប្រឈមដូចជា ច្បាប់កាត់បន្ថយអតិផរណា របស់សហរដ្ឋអាមេរិក” ។
ដើម្បីសម្រេចបាននូវគោលដៅនេះ ពួកគេបានកត់សម្គាល់ថា ពួកគេនឹង “ស្វែងរកលទ្ធភាពគោលនយោបាយ ឧស្សាហកម្ម ដើម្បីទប់ស្កាត់ផលប៉ះពាល់ នៃវិធានការការពារដោយប្រទេសទីបី” ខណៈដែលធានាថា ច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ត្រូវបានអនុវត្តតាមដោយភាគីទាំងអស់។
សូមជម្រាបថា ច្បាប់កាត់បន្ថយ អតិផរណា ដែលត្រូវបានចុះហត្ថលេខា ដោយប្រធានាធិបតីអាមេរិក Joe Biden ក្នុងខែសីហា ផ្តល់ការឧបត្ថម្ភធន យ៉ាងច្រើន និងការបន្ធូរបន្ថយពន្ធ សំដៅជួយដល់ឧស្សាហកម្ម បៃតង របស់អាមេរិក ។ សេតវិមានបានពណ៌នាថាវាជា “សកម្មភាពដ៏ខ្លាំងក្លាបំផុត” របស់ខ្លួនដើម្បីដោះស្រាយវិបត្តិអាកាសធាតុ និងអតិផរណា ដែលកំពុងកើនឡើង៕