ព័ត៌មានអន្តរជាតិ

ទីក្រុងគៀវថា សហភាពអឺរ៉ុប “គ្មានសិទ្ធិ” និយាយពាក្យថា នឿយហត់ចំពោះអ៊ុយក្រែន ឡើយ

បរទេស៖ រដ្ឋមន្ត្រីការបរទេស អ៊ុយក្រែន គឺលោក Dmitry Kuleba បាននិយាយកាលពីថ្ងៃអង្គារថា សហភាពអឺរ៉ុបត្រូវតែដកចេញ នូវមន្ទិលសង្ស័យទាំងអស់ អំពីទណ្ឌកម្មថ្មី ប្រឆាំងនឹងរុស្ស៊ី និងត្រូវបង្កើនឱ្យបានទ្វេដង លើទីក្រុងម៉ូស្គូ ជាមួយនឹងការរឹតបន្តឹងថ្មី ដែលនឹងទប់ស្កាត់ ឧស្សាហកម្មមីស៊ីល របស់ប្រទេសនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់ លោក Kuleba បានជំរុញឱ្យ EU ពន្លឿនការងារលើកញ្ចប់ទណ្ឌកម្មទីប្រាំបួនរបស់ខ្លួន ដែលលោកបានពិពណ៌នាថា ហួសពេលកំណត់។ លោកថា “យើងគ្រាន់តែឮអំពីការប៉ុនប៉ងចាប់ផ្តើមការងារធ្ងន់ធ្ងរលើការរៀបចំរបស់វា។ ស្ថានភាពបែបនេះគឺមិនអាចទទួលយកបានទាំងស្រុង»។

ក្នុងន័យដូចគ្នានេះ លោកបានអំពាវនាវ ដល់សហសេវិកសហភាពអឺរ៉ុបរបស់លោក “ឱ្យឈប់សង្ស័យ ឬនិយាយបែបទាន់សម័យថា ‘ពិបាក’ ហើយចាប់ផ្តើមបំពេញក ញ្ចប់ទណ្ឌកម្មទីប្រាំបួន ឱ្យបានឆាប់រហ័ស។

លោក Kuleba បានសង្កត់ធ្ងន់ថា “ប្រសិនបើប្រជាជនអ៊ុយក្រែន មិនអស់កម្លាំងទេ នោះអឺរ៉ុបផ្សេងទៀត ទាំងអស់គ្មានសិទ្ធិខាងសីលធម៌ ឬសិទ្ធិនយោបាយ ក្នុងការនិយាយពាក្យថា នឿយហត់ឡើយ”៕

ប្រែសម្រួលៈ ណៃ តុលា

To Top