គៀវ៖ បណ្តាញថាមពលរបស់អ៊ុយក្រែន កំពុងឈានទៅរកការដួលរលំ ខណៈដែលប្រទេសនេះកំពុងតស៊ូ ដើម្បីជួសជុលក្រឡាចត្រង្គ ដែលរងការខូចខាត បន្ទាប់ពីមានការវាយប្រហារ ដោយមីស៊ីលនាំផ្លូវ ចុងក្រោយបង្អស់របស់រុស្ស៊ី។
ប្រទេសនេះត្រូវបានទទួលរង ការដាច់ភ្លើងក្នុងគ្រាអាសន្នជាច្រើនសប្តាហ៍ ចំពេលមានការទម្លាក់គ្រាប់បែក របស់រុស្ស៊ីជាបន្តបន្ទាប់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។
អភិបាលក្រុងគៀវ លោក Vitali Klitschko បានលើកឡើងថា ជាងពីរភាគបីនៃរដ្ឋធានីនៅតែ ត្រូវបានកាត់ផ្តាច់កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការរាំងស្ទះកាលពីថ្ងៃមុន បើទោះបីជាបុគ្គលិកក្រុងនៅក្នុងរដ្ឋធានី បានស្ដារសេវាទឹកមួយចំនួន ពេញមួយយប់ក៏ដោយ។
លោក Klitschko បានបន្ដថា “៧០ ភាគរយនៃរដ្ឋធានីនៅតែ គ្មានអគ្គិសនីប្រើប្រាស់។ “ក្រុមហ៊ុនថាមពល កំពុងខិតខំប្រឹងប្រែង ដើម្បីយកវាមកវិញឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន”។
ឧត្តមសេនីយ Surovikin របស់រុស្ស៊ី គឺជាឧបសគ្គដ៏ធំបំផុត ចំពោះការវាយលុករបស់អ៊ុយក្រែន ដើម្បីដណ្តើមយកដីមកវិញ។ អ៊ុយក្រែន បានចោទប្រកាន់កងកម្លាំងរុស្ស៊ីថា បានដាក់ពង្រាយយន្តហោះគ្មាន មនុស្សបើកវាយប្រហារ និងបានបាញ់កាំជ្រួចប្រហែល ៧០ គ្រាប់នៅគោលដៅនានា ទូទាំងប្រទេសកាលពីថ្ងៃពុធ។
ក្រុមមន្ត្រីបានឲ្យដឹងថា មនុស្ស ១០នាក់ត្រូវបានសម្លាប់ និងប្រហែល ៥០នាក់ទៀត រងរបួសនៅក្នុងការវាយប្រហារនេះ រួមទាំងទារកទើបនឹងកើតផងដែរ ដែលបានស្លាប់បន្ទាប់ពី បន្ទប់សម្ភពមួយនៅក្នុងតំបន់ Zaporizhzhia ភាគខាងត្បូងប្រទេសអ៊ុយក្រែន បានដួលរលំបន្ទាប់ពីការ វាយប្រហារដោយគ្រាប់រ៉ុក្កែត។
ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិកាលពីថ្ងៃពុធថា រ៉ុក្កែតរុស្ស៊ីជាង ៦០គ្រាប់ បានវាយប្រហារទីតាំងថាមពល និងវត្ថុស៊ីវិល ដោយបានធ្វើឱ្យប្រទេសភាគច្រើន ធ្លាក់ចូលទៅក្នុងភាពងងឹត ៕
ប្រែសម្រួល ឈូក បូរ៉ា