ព័ត៌មានអន្តរជាតិ

ចិន ជំរុញ​ឲ្យអាមេរិក គោរព​ការ​អំពាវនាវ​ ក្នុងស្រុក​ដោយ​ហេតុផល និងបញ្ឈប់ ​ការ​រារាំង​ក្រុមហ៊ុន​ចិន

ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា សហរដ្ឋអាមេរិក ចាំបាច់ត្រូវស្តាប់សំឡេងក្នុងស្រុក ដែលអំពាវនាវរកហេតុផល ហើយបញ្ឈប់ការរារាំង និងធ្វើឱ្យខូតចខាតដល់ក្រុមហ៊ុនចិន ។

យោងតាមរបាយការណ៍ សម្ព័ន្ធឧស្សាហកម្ម អាមេរិក បានផ្ញើលិខិតមួយច្បាប់ ទៅកាន់លោក Jack Reed ប្រធានគណៈកម្មាធិការ ព្រឹទ្ធសភា សហរដ្ឋអាមេរិក ស្តីពីសេវាប្រដាប់អាវុធ និង លោក James Inhofe សមាជិកលំដាប់ថ្នាក់នៃគណៈកម្មាធិការនេះ។ 

លិខិតនោះបានឲ្យដឹងថា វិសោធនកម្មច្បាប់ ស្តីពីការអនុញ្ញាតការពារជាតិ ឆ្នាំ២០២៣ (NDAA) ដែលហាមភ្នាក់ងារ រដ្ឋាភិបាល មិនឱ្យធ្វើអាជីវកម្ម ជាមួយក្រុមហ៊ុនផលិត ឧបករណ៍អេឡិចត្រូនិកចិន មិនត្រូវបានកំណត់យ៉ាងច្បាស់ នៅក្នុងច្បាប់ ឬបទប្បញ្ញត្តិនោះទេ ហើយនឹងបង្ហាញបន្ទុក ដ៏ធំដល់អ្នកម៉ៅការ និងរដ្ឋាភិបាល ។

អ្នកនាំពាក្យចិន លោកស្រី Mao Ning បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលឆ្លើយសំណួរពាក់ព័ន្ធថា NDAA គឺជាច្បាប់ក្នុងស្រុក ដ៏សំខាន់របស់សហរដ្ឋអាមេរិក ដោយបានលើកឡើងថា “យើងបដិសេធយ៉ាងដាច់អហង្ការ នូវការបញ្ចូលខ្លឹមសារ អវិជ្ជមានអំពីប្រទេសចិន ទៅក្នុងសេចក្តីព្រាង ច្បាប់នេះ” ។

លោកស្រីបានបន្ដថា ខ្សែសង្វាក់ឧស្សាហកម្ម និងការផ្គត់ផ្គង់សកលបានលេចឡើងជាលទ្ធផល នៃទាំងច្បាប់នៃទីផ្សារ និងជម្រើសនៃអាជីវកម្ម។  លោកបានបន្ថែមថា លិខិតពីសហគមន៍ ធុរកិច្ចអាមេរិកបង្ហាញថា ការរំខានតាមអំពើចិត្ត និងការខូចខាតដល់ខ្សែសង្វាក់ឧស្សាហកម្ម និងការផ្គត់ផ្គង់សកល មិនបម្រើផលប្រយោជន៍របស់នរណាម្នាក់ឡើយ ហើយសកម្មភាពបែបនេះ នឹងមិនទទួលបានការគាំទ្រឡើយ។

លោកស្រីបានបន្ថែមទៀតថា “សហរដ្ឋអាមេរិក ត្រូវស្តាប់សំឡេងក្នុងស្រុក ដែលអំពាវនាវរកហេតុផល បញ្ឈប់ការធ្វើនយោបាយ អាវុធ និងមនោគមវិជ្ជាលើបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិទ្យា បញ្ឈប់ការរារាំង និងញុះញង់ក្រុមហ៊ុនចិន គោរពច្បាប់សេដ្ឋកិច្ចទីផ្សារ និងច្បាប់ពាណិជ្ជកម្មសេរី និងការពារសន្តិសុខ និង​ស្ថិរភាព ​នៃ​សង្វាក់​ផ្គត់ផ្គង់​ឧស្សាហកម្ម និង​សកលលោក” ៕

To Top