បរទេស ៖ អតីតអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និយាយថា លោកស្រីមិនភ្ញាក់ផ្អើលទេ នៅពេលដែលជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន បានផ្ទុះឡើង កាលពីចុងខែកុម្ភៈ ។ មេដឹកនាំចូលនិវត្តន៍ របស់អាល្លឺម៉ង់រូបនេះ បាននិយាយបែបនេះ ទៅកាន់សារព័ត៌មាន Der Spiegel នៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោកស្រី Merkel បានប្រាប់សារព័ត៌មានថា «វាមិនបានកើតឡើងជាការភ្ញាក់ផ្អើលនោះទេ ។ នៅពេលនោះ “កិច្ចព្រមព្រៀងទីក្រុង Minsk ត្រូវបានលុបចោល” ។ លោកស្រីអតីតអធិការបតី បាននិយាយដោយ សំដៅទៅ លើកិច្ចព្រមព្រៀង បទឈប់បាញ់ឆ្នាំ ២០១៤ ដែលសម្របសម្រួលដោយអាល្លឺម៉ង់ និងបារាំង ដែលត្រូវបានរៀបចំឡើង ដើម្បីផ្តល់ឱ្យតំបន់ ភាគខាងកើតនូវឋានៈ ពិសេសនៅក្នុងអ៊ុយក្រែន ។
លោកស្រីក៏បាននិយាយថា ការខិតខំប្រឹងប្រែងរបស់លោកស្រីក្នុងការបង្កើតវេទិកាសន្ទនាមួយទៀតសម្រាប់រុស្ស៊ី និងសហភាពអឺរ៉ុបក្នុងឆ្នាំ ២០២១ មិនបានសម្រេចអ្វីឡើយ។
លោកស្រី Merkel បានបន្ថែមថា “ខ្ញុំចង់រួម ជាមួយប្រធានាធិបតីបារាំង Emmanuel Macron ដើម្បីបង្កើតទម្រង់ពិភាក្សា ឯករាជ្យអឺរ៉ុប ជាមួយពូទីនតាមរយៈក្រុមប្រឹក្សាអឺរ៉ុប” ដោយលោកស្រីពន្យល់ថា លោកស្រីប្រឈមមុខ នឹងការប្រឆាំងពីសមាជិក ផ្សេងទៀត នៃស្ថាប័នកំពូល របស់សហភាពអឺរ៉ុប ។
ជាងនេះទៅទៀត លោកស្រី Merkel បានកត់សម្គាល់ថា «ខ្ញុំលែងមានកម្លាំង ដើម្បីអះអាងខ្លួនឯងហើយ» ខណៈអ្នករាល់គ្នាដឹងថា លោកស្រីរៀបនឹងចុះចេញពីតំណែង ។ លោកស្រី បានប្រឈមមុខនឹងបញ្ហាដូចគ្នា ក្នុងដំណើរលា របស់លោកស្រី ទៅកាន់ទីក្រុងមូស្គូ ដោយមានអារម្មណ៍ថា លោកស្រីលែង មានលទ្ធភាព មានឥទ្ធិពលលើលោក ពូទីន ដែលលិកស្រីបាននិយាយថា គឺ “មានតែអំណាចប៉ុណ្ណោះ” ៕