បរទេស៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Oleg Syromolotov បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ី នឹងមិនកំណត់ប្រទេសអ៊ុយក្រែនជា “រដ្ឋភេរវករ” ទោះបីជាមានការរំលោភបំពានច្បាប់ មនុស្សធម៌អន្តរជាតិដោយ “ឃោឃៅ” ក៏ដោយ។ លោកបាននិយាយថា ទីក្រុងមូស្គូបានច្រានចោលគោលលទ្ធិណាមួយដែលបង្ហាញថា ប្រជាជាតិមួយអាចត្រូវបានប្រកាសថាជា “ភេរវករ” ហើយមិនឃើញហេតុផលដើម្បីប្រកាន់ខ្ជាប់នូវគោលនយោបាយ “មានកំហុស” ដែលត្រូវបានប្រើប្រាស់ដោយលោកខាងលិចនោះទេ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា លោកអនុរដ្ឋមន្ត្រីបានកត់សម្គាល់ថា គោលលទ្ធិនៃ “អំពើភេរវកម្មរបស់រដ្ឋ” ត្រូវបានកេងប្រវ័ញ្ចដោយសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀត ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវ នៃការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងអ្នកដទៃ ដែលបំពានលើធម្មនុញ្ញអង្គការសហប្រជាជាតិ។ លោក Syromolotov បានបន្ថែមថា វាត្រូវបានគេប្រើផងដែរ ដើម្បី “ធ្វើឱ្យស្របច្បាប់នូវវិធានការ បង្ខិតបង្ខំឯកតោភាគីរបស់ពួកគេ ដែលបំពានលើគោលការណ៍ សមភាពអធិបតេយ្យភាពនៃប្រជាជាតិទាំងអស់”។
អ្នកការទូតជាន់ខ្ពស់រូបនេះបានសង្កត់ធ្ងន់ថា រុស្ស៊ីតែងតែចាត់ទុកការដាក់ទណ្ឌកម្មឯកតោភាគីបែបនេះថា “មិនអាចទទួលយកបាន”។
លោក Syromolotov បានពន្យល់ថា អំពើភេរវកម្មជាអំពើឧក្រិដ្ឋកម្មតែងតែជាប់ពាក់ព័ន្ធ នឹងការទទួលខុសត្រូវព្រហ្មទណ្ឌបុគ្គលរបស់អ្នក ដែលពាក់ព័ន្ធក្នុងការវាយប្រហារ ដោយលោក Syromolotov បានពន្យល់បន្ថែមថា មានតែបុគ្គល និងមិនមែនប្រជាជាតិទាំងមូលទេ ដែលអាចទទួលខុសត្រូវក្នុងករណីបែបនេះ។ លោកបានពន្យល់ថា ការកំណត់ប្រទេសអ៊ុយក្រែន ជារដ្ឋភេរវជន នៅឥឡូវនេះនឹងមានលក្ខណៈខុសច្បាប់៕