បរទេស៖ ឃ្លាំងស្តុកអាវុធលោកខាងលិច កាន់តែតានតឹងបន្ទាប់ពីការផ្ទេរអាវុធ រាប់មិនអស់ទៅកាន់ប្រទេសអ៊ុយក្រែន ដែលធ្វើឱ្យវាកាន់តែពិបាកសម្រាប់យោធា របស់អង្គការណាតូ ក្នុងការធ្វើតាមការសន្យារបស់អ្នកនយោបាយ ដើម្បីបន្តគាំទ្រទីក្រុងគៀវជាមួយនឹងអ្វីដែលខ្លួនត្រូវការ ឱ្យបានយូរតាមដែលវាត្រូវការ , នេះបើតាមកាសែត New York Times បានរាយការណ៍កាលពីថ្ងៃសៅរ៍។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា កាសែត New York Timesបានសរសេរថា “ប្រទេសតូចៗបានអស់សក្តានុពលរបស់ពួកគេហើយ” ហើយយោងទៅតាមមន្ត្រីណាតូម្នាក់ យ៉ាងហោចណាស់ ២០ នៃសមាជិកចំនួន ៣០ គឺអស់អាវុធពីឃ្លាំង” ។ មានតែ “សម្ព័ន្ធមិត្តធំ” ប៉ុណ្ណោះ រួមទាំងប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី និងហូឡង់ ដែលមានស្តុកទុកគ្រប់គ្រាន់ដើម្បីបន្ត ឬបង្កើនការនាំចេញអាវុធ របស់ពួកគេទៅកាន់អ៊ុយក្រែន បន្ថែមទៀត។
ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការ យោធារបស់រុស្ស៊ីនៅអ៊ុយក្រែនកាលពីចុងខែកុម្ភៈមក សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចបានផ្តល់ជំនួយ សន្តិសុខរាប់ពាន់លានដុល្លារដល់ទីក្រុងកៀវ រហូតដល់ជិត ៤០ ពាន់លានដុល្លារ ដែលឥឡូវនេះអាចប្រៀបធៀប ទៅនឹងថវិកាការពារប្រចាំឆ្នាំទាំងមូលរបស់បារាំង។
ទីក្រុងមូស្គូបានព្រមានម្តងហើយម្តងទៀតថា ការនាំចេញសព្វាវុធឱ្យអ៊ុយក្រែន នឹងអូសបន្លាយពេលនៃជម្លោះ និងបង្កើនហានិភ័យនៃជម្លោះដោយផ្ទាល់រវាងរុស្ស៊ី និងអង្គការណាតូ ផងដែរ៕