ដាម៉ាស់៖ មេបញ្ជាការរបស់ពួកគេបានឲ្យដឹងថា កងជីវពលឃឺដនៅក្នុងប្រទេសស៊ីរី បានបញ្ឈប់ប្រតិបត្តិការប្រឆាំងនឹងក្រុម ISIS បន្ទាប់ពីការវាយប្រហារតាមអាកាស របស់តួកគីយ៉ាងខ្លាំងក្លាមួយសប្តាហ៍ មកលើទីតាំងរបស់ពួកគេ។
យ៉ាងហោចណាស់មានការ វាយប្រហារតាមអាកាសចំនួន ១០០ដង បានវាយប្រហារទីតាំង របស់កងជីវពល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។
ប្រធានាធិបតីតទួកគីលោក Recep Tayyip Erdogan បានបញ្ជាឱ្យយោធាចាប់ផ្តើមប្រតិបត្តិការ Claw Sword កាលពីថ្ងៃអាទិត្យមុន ដោយលើកឡើងថា ការវាយប្រហារតាមអាកាសនឹង ត្រូវបន្តដោយការលុកលុយលើដី ដោយរុញកងកម្លាំងរបស់លោកបន្ថែមទៀត ចូលទៅក្នុងប្រទេសស៊ីរី ។
ប្រតិបត្តិការនេះបានធ្វើឡើង បន្ទាប់ពីការទម្លាក់គ្រាប់បែក កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ដែលបានសម្លាប់មនុស្ស ៦នាក់ ក្នុងនោះមានកុមារពីរនាក់ ជាការវាយប្រហារមួយដែលតួកគី បានបន្ទោសលើគណបក្សបំបែកខ្លួន Kurdistan Workers Party (PKK) ដែលប្រតិបត្តិការជាចម្បងនៅភាគខាងជើងអ៊ីរ៉ាក់ ប៉ុន្តែក៏មានទីតាំងនៅស៊ីរីដែរ។

ការវាយប្រហារតាមអាកាសរបស់តួកគី បានវាយប្រហារទៅលើគោលដៅ PKK នៅតំបន់ភ្នំនៃភាគខាងជើង ប្រទេសអ៊ីរ៉ាក់ ដែលតួកគីចាត់ទុកថាជាផ្នែកមួយ នៃរណសិរ្សដូចគ្នានៅក្នុងសង្គ្រាមរបស់ខ្លួន លើក្រុមផ្តាច់ខ្លួនជនជាតិឃឺដ។
ប្រតិបត្តិការរបស់ប្រទេសតួកគី ដែលជាការវាយលុកដ៏ធំលើកទីបី ចាប់តាំងពីឆ្នាំ២០១៦ គឺផ្តោតជាសំខាន់ទៅលើ កងកម្លាំងប្រជាធិបតេយ្យស៊ីរី ដែលជាក្រុមគាំទ្រដោយសហរដ្ឋអាមេរិក ដែលភាគច្រើនជាកងជីវពលឃឺដ ដែលគ្រប់គ្រងផ្នែកធំនៃ ភាគខាងកើតប្រទេសស៊ីរី។
លោក Mazloum Abdi មេបញ្ជាការ SDF បានលើកឡើងថា “កងកម្លាំងដែលធ្វើការជានិមិត្តរូប ជាមួយក្រុមចម្រុះអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុម Daesh ឥឡូវនេះគឺជាគោលដៅ សម្រាប់រដ្ឋតួកគី ដូច្នេះហើយប្រតិបត្តិការបានបញ្ឈប់” ៕
ប្រែសម្រួល ឈូក បូរ៉ា
