បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានជំរុញឱ្យប្រទេសចិន បង្កើនសម្ពាធលើទីក្រុងព្យុងយ៉ាង ឱ្យលុបបំបាត់នុយក្លេអ៊ែរ ដោយព្រមានថា ការកើនឡើងភាពតានតឹង ជាមួយកូរ៉េខាងជើងនឹងជំរុញឱ្យ មានការកសាងអាវុធនៅក្នុងតំបន់ និងលើកទឹកចិត្តឱ្យមានអន្តរាគមន៍ ពីខាងក្រៅដោយសហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ប្រទេសចិនមានកាតព្វកិច្ច ជំរុញកូរ៉េខាងជើងឱ្យបោះបង់ឃ្លាំងអាវុធ នុយក្លេអ៊ែររបស់ខ្លួន និងលើកទឹកចិត្តឱ្យមានស្ថិរភាពក្នុងតំបន់។ លោក Yoon បានប្រាប់រ៉យទ័រកាលពីថ្ងៃចន្ទ ដោយនិយាយថា រដ្ឋរបស់អង្គការសហប្រជាជាតិគួរតែ “ឆ្លើយតបយ៉ាងខ្ជាប់ខ្ជួន និងឆ្ពោះទៅមុខជាមួយគ្នា។ ”
លោកបានបន្ថែមថា “អ្វីដែលប្រាកដនោះគឺថា ប្រទេសចិនមានសមត្ថភាពមាន ឥទ្ធិពលលើកូរ៉េខាងជើង ហើយចិនមានទំនួលខុសត្រូវ ក្នុងការចូលរួមក្នុងដំណើរការនេះ” ដោយបន្ថែមថា ការរំសាយអាវុធនុយក្លេអ៊ែរ គឺស្ថិតនៅក្នុងផលប្រយោជន៍ផ្ទាល់ខ្លួន របស់ទីក្រុងប៉េកាំង។
លោកប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ បានអះអាងថា ការបង្រួមអរិភាពនៅលើឧបទ្វីបកូរ៉េ កំពុងជំរុញការចំណាយ យោធានៅទូទាំងតំបន់ និងលើសពីនេះ ដោយនិយាយថាវានឹងនាំមកនូវ “ការដាក់ពង្រាយយន្តហោះចម្បាំង និងនាវាអាមេរិកបន្ថែមទៀត”។ លោកបានកត់សម្គាល់ថាថ្មីៗនេះ ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោនបានយល់ព្រមដាក់ទីតាំង “ទ្រព្យសម្បត្តិយុទ្ធសាស្ត្រ” បន្ថែមទៀតនៅក្នុងតំបន់ រួមទាំងនាវាផ្ទុកយន្តហោះ និងយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ ដើម្បីឆ្លើយតបទៅនឹងចំនួនកំណត់ត្រា នៃការសាកល្បងអាវុធ របស់កូរ៉េខាងជើងក្នុងឆ្នាំនេះ ៕
ប្រែសម្រួលៈ ណៃ តុលា