យូអិន ៖ បេសកជនចិន បានអំពាវនាវ ឲ្យមានកិច្ចប្រឹងប្រែង ដើម្បីរក្សាអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ស៊ីរី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
មួយរយៈពេលនេះ ស្ថានភាពសន្តិសុខនៅស៊ីរី បានបន្តមានការប្រែប្រួល ។ តួកគី បានបើកការវាយប្រហារ តាមអាកាសប្រឆាំងនឹងស៊ីរី ហើយបានប្រកាសថា ខ្លួននឹងធ្វើប្រតិបត្តិការយោធាជើងគោក ។
លោក Geng Shuang តំណាងអចិន្ត្រៃយ៍រង របស់ចិនប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងថា ការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ទៅលើប្រទេសស៊ីរី ក៏បានបន្តផងដែរ ។
លោកបានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា “ទង្វើទាំងអស់នេះបំពានយ៉ាងធ្ងន់ធ្ងរ លើអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសស៊ីរី ហើយអាចនាំឱ្យមានការកើនឡើង និងការរីករាលដាលនៃជម្លោះស៊ីរី ។
អន្តរាគមន៍យោធាបរទេស គឺជាកត្តាសំខាន់មួយដែលរួមចំណែកដល់វិបត្តិដ៏ស្មុគស្មាញ មិនអាចអូសទាញ និងអូសបន្លាយក្នុងប្រទេសស៊ីរី។ ប្រទេសចិន អំពាវនាវឱ្យតួកគី និងអ៊ីស្រាអែលបញ្ឈប់ជាបន្ទាន់ នូវការវាយប្រហារឆ្លងព្រំដែន ជៀសវាងសកម្មភាពណាមួយ ដែលអាចធ្វើឲ្យស្ថានការណ៍កាន់តែតានតឹង ហើយប្រកាន់ខ្ជាប់ នូវការសន្ទនា និងការពិគ្រោះយោបល់ ដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធ ។ លោកបានបន្ដថា វត្តមានខុសច្បាប់ របស់កងកម្លាំងបរទេស នៅក្នុងប្រទេសស៊ីរី ក៏ត្រូវតែបញ្ចប់ផងដែរ ។
លោក Geng បានអំពាវនាវឱ្យមានការផ្លាស់ប្តូរ ពីការផ្តល់ជំនួយ មនុស្សធម៌ឆ្លងព្រំដែន ទៅជាទម្រង់ឆ្លងដែននៅក្នុងប្រទេសស៊ីរី ។ ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន គឺជាការរៀបចំបណ្តោះអាសន្នដែលធ្វើឡើង ក្រោមកាលៈទេសៈពិសេស។ លោកបានបន្តថា ការផ្លាស់ប្តូរទៅកាន់ទម្រង់ឆ្លងកាត់ត្រូវតែពន្លឿន ៕