ព័ត៌មានអន្តរជាតិ

កងកម្លាំងអវកាសអាមេរិក នឹងតាមដានការបាញ់មីស៊ីល របស់កូរ៉េខាងជើង

បរទេស៖ មេបញ្ជាការកំពូលមួយរូបបាននិយាយថា កងកម្លាំងអវកាសសហរដ្ឋអាមេរិកកំពុងធ្វើការដើម្បីបង្កើតប្រព័ន្ធព្រមានជាមុនសម្រាប់ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ដោយសង្ឃឹមថា នឹងបង្កើនការឃ្លាំមើល បន្ទាប់ពីការធ្វើតេស្តអាវុធជាច្រើនដោយទីក្រុងព្យុងយ៉ាងក្នុងឆ្នាំនេះ។យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងសុន្ទរកថានៅក្នុងសិក្ខាសាលាមួយ ដែលធ្វើឡើងដោយវិទ្យាស្ថាន Mitchell Institute for Aerospace Studies ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ ប្រធានបញ្ជាការដ្ឋានអវកាសអាមេរិក លោកឧត្តមសេនីយ៍ James Dickinson បានបញ្ជាក់អំពីផែនការរបស់សេវាកម្មនៅក្នុងឥណ្ឌូ-ប៉ាស៊ីហ្វិក ជាកន្លែងដែលវាបង្កើតអង្គភាពបញ្ជាការសមាសភាគលើកដំបូងរបស់ខ្លួនកាលពីសប្តាហ៍មុន។លោកបាននិយាយថា “យើងកំពុងសម្លឹងមើលពីរបៀបដែលយើងរួមបញ្ចូលស្ថាបត្យកម្មឧបករណ៍ចាប់សញ្ញាដែលផ្តល់ឱ្យយើងនូវការព្រមានឱ្យបានច្រើនតាមដែលអាចធ្វើទៅបានទាក់ទងនឹងប្រភេទនៃសកម្មភាពមីស៊ីលណាមួយចេញពីប្រទេសកូរ៉េខាងជើង” ដោយកត់សម្គាល់ថា ទីក្រុងវ៉ាស៊ីនតោននឹងចែករំលែកព័ត៌មានជាមួយដៃគូក្នុងតំបន់ និងសម្ព័ន្ធមិត្ត និងស្វែងរកមធ្យោបាយ ដើម្បី “បញ្ចូលឧបករណ៍ចាប់សញ្ញាពាណិជ្ជកម្ម” ទៅក្នុងប្រព័ន្ធព្រមានថ្មី៕ប្រែសម្រួលៈ ណៃ តុលា

To Top