ព័ត៌មានអន្តរជាតិ

Update៖ EU ឯកភាពជាបណ្តោះអាសន្ន លើតម្លៃប្រេងក្នុងតម្លៃ ១បារ៉ែល ៦០ដុល្លារ នៅសមុទ្ររុស្ស៊ី

ប្រ៊ុចសែល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍ សហភាពអឺរ៉ុប ហៅកាត់ (EU) បានព្រមព្រៀងគ្នាជាបណ្ដោះអាសន្ន លើតម្លៃ៦០ដុល្លារក្នុង១បារ៉ែល លើតម្លៃប្រេងសមុទ្ររបស់រុស្ស៊ី ដែលនេះជាគំនិតរបស់ក្រុមប្រទេសទាំង៧ ហៅថា (G7) ជាមួយនឹងយន្តការកែតម្រូវ ដើម្បីរក្សាកម្រិតតម្លៃ៥ភាគរយ ។ មន្ត្រីការទូត និងឯកសារដែលមើលឃើញ ដោយទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងដូច្នេះ ។

សម្រាប់កិច្ចព្រមព្រៀងនេះ នៅតែត្រូវការអនុម័តដោយ សហភាពអឺរ៉ុបទាំងអស់ នៅក្នុងនីតិវិធីជាលាយលក្ខណ៍អក្សរ នៅថ្ងៃសុក្រ ។ អ្នកការទូតសហភាពអឺរ៉ុបមួយរូប បានលើកឡើងថា ប្រទេសប៉ូឡូញ ដែលបានជំរុញឱ្យមានកម្រិតទាប តាមដែលអាចធ្វើទៅបាននោះ គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ មិនត្រូវបានបញ្ជាក់ ថាតើ ខ្លួននឹងគាំទ្រកិច្ចព្រមព្រៀងនេះ ឬយ៉ាងណានោះទេ ។

គួរបញ្ជាក់ថា បណ្តាប្រទេសសហភាពអឺរ៉ុប បានឈ្លោះប្រកែកគ្នា អស់រយៈពេលជាច្រើនថ្ងៃ ជុំវិញព័ត៌មានលម្អិតនៃតម្លៃកំណត់ ដែលមានគោលបំណងកាត់បន្ថយប្រាក់ ចំណូលរបស់រុស្ស៊ីពីការលក់ប្រេង ។

សំណើដំបូងរបស់ក្រុម G7 កាលពីសប្តាហ៍មុន គឺចង់បាមតម្លៃពី៦៥ដល់៧០ដុល្លារ ក្នុង១បារ៉ែល ដោយគ្មានយន្តការកែតម្រូវអ្វីទេ ។

ចាប់តាំងពីប្រេងឆៅ Urals របស់រុស្ស៊ី បានជួញដូរទាបជាងមុន ប្រទេសប៉ូឡូញ លីទុយអានី និងអេស្តូនី បានច្រានចោលកម្រិតនោះថា មិនសម្រេចបាននូវគោលបំណងសំខាន់ នៃការកាត់បន្ថយលទ្ធភាពហិរញ្ញវត្ថុ របស់ទីក្រុងម៉ូស្គូក្នុងសង្គ្រាមរបស់ខ្លួន នៅអ៊ុយក្រែនឡើយ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top