BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ថា មន្ត្រីជាន់ខ្ពស់ម្នាក់បានឲ្យដឹងថា ទាហានអ៊ុយក្រែនរហូតដល់១៣.០០០នាក់ត្រូវបានសម្លាប់ ចាប់តាំងពីការចាប់ផ្តើម នៃការឈ្លានពានរបស់រុស្ស៊ី ។
លោក Mykhailo Podolyak ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានលើកឡើងថា ទាហានចន្លោះពី១០.០០០នាក់ទៅ១៣.០០០នាក់ បានស្លាប់ ។
ទាំងអ៊ុយក្រែន និងរុស្ស៊ី មានទំនោរមិនបញ្ចេញតួលេខសម្រាប់ជនរងគ្រោះ ហើយការអត្ថាធិប្បាយរបស់លោក Podolyak មិនត្រូវបានបញ្ជាក់ដោយយោធាអ៊ុយក្រែនឡើយ ។
កាលពីខែមិថុនា លោកបានលើកឡើងថា ទាហានអ៊ុយក្រែនពី១០០នាក់ទៅ២០០នាក់បានស្លាប់ជារៀងរាល់ថ្ងៃ ។
គួររំលឹកថា កាលពីខែមុន លោក Mark Milley ឧត្តមសេនីយជាន់ខ្ពស់បំផុតរបស់សហរដ្ឋអាមេរិក បានថ្លែងថា ទាហានរុស្ស៊ីប្រហែល១០០.០០០នាក់ត្រូវបានសម្លាប់ ឬរងរបួសចាប់តាំងពីសង្គ្រាមចាប់ផ្តើម ។
នៅក្នុងសុន្ទរកថាវីដេអូមួយកាលពីថ្ងៃពុធ ប្រធានគណៈកម្មការសហភាពអឺរ៉ុប Ursula Von der Leyen បានថ្លែងថា ទាហានអ៊ុយក្រែន១០០.០០០នាក់ត្រូវបានសម្លាប់ ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យគណៈកម្មការសហភាពអឺរ៉ុប ក្រោយមកបានបំភ្លឺថា នេះជាកំហុស ហើយតួលេខនេះសំដៅទៅលើអ្នកស្លាប់ និងរបួស ៕
ដោយ៖ ម៉ៅ បុប្ផាមករា