ព័ត៌មានអន្តរជាតិ

រូបភាពថ្មីពីផ្កាយរណប បង្ហាញពីមូលដ្ឋានកងទ័ពរុស្ស៊ី ដែលសាងសង់ឡើងនៅក្នុងទីក្រុង Mariupol ដែលកាន់កាប់បាន

បរទេស៖ ប្រទេសរុស្ស៊ីកំពុងពង្រឹងវត្តមានយោធារបស់ខ្លួននៅក្នុងទីក្រុងកំពង់ផែ Mariupol ដែលចាប់បានដោយការសាងសង់មូលដ្ឋានទ័ពដ៏ធំមួយ, នេះបើតាម រូបថតពីផ្កាយរណបដែលចេញផ្សាយពីក្រុមហ៊ុនអង្កេតផែនដី Maxar ហាក់ដូចជាបង្ហាញ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា អគារថ្មីរាងអក្សរ U ស្ថិតនៅជិតកណ្តាលទីក្រុង នៅលើដំបូលរបស់វា គេអាចមើលឃើញផ្កាយក្រហម ស និងខៀវ នៃកងទ័ពរុស្ស៊ី ដោយមានអក្សរសរសេរថា “សម្រាប់ប្រជាជន Mariupol” ។

Maxar និយាយ​ថា អគារ​នេះ​ទំនង​ជា​កន្លែង​យោធា។ ទោះជាយ៉ាងណាក៏ដោយ BBC មិនអាចផ្ទៀងផ្ទាត់រឿងនេះ ឬបញ្ជាក់ថាតើអគារថ្មីនេះកំពុងប្រើប្រាស់សម្រាប់អ្វីនោះទេ។

កងកម្លាំងរបស់ទីក្រុងមូស្គូបានឡោមព័ទ្ធទីក្រុងនេះអស់រយៈពេលជិតបីខែកាលពីដើមឆ្នាំនេះ ហើយរងការបាញ់ប្រហារដោយកាំភ្លើងធំឥតឈប់ឈរបានបន្សល់ទុកនូវការខូចខាតជាច្រើន។

មន្ត្រីអ៊ុយក្រែនបានប៉ាន់ប្រមាណកាលពីខែមុនថាជនស៊ីវិលប្រហែល ២៥ ០០០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ ខណៈដែលអង្គការសហប្រជាជាតិបាននិយាយថា ខ្លួនបានបញ្ជាក់ពីការស្លាប់របស់ជនស៊ីវិល ១ ៣៤៨នាក់ ប៉ុន្តែបាននិយាយថាចំនួនអ្នកស្លាប់ពិតប្រាកដគឺ “ទំនងជារាប់ពាន់នាក់” ៕

សម្រួលៈ ណៃ តុលា

To Top