ព័ត៌មានអន្តរជាតិ

តម្លៃប្រេងធ្លាក់ចុះ មុនពេលកិច្ចប្រជុំដ៏សំខាន់មួយដោយ OPEC+ នៅថ្ងៃអាទិត្យនេះ

វីយែន៖ តម្លៃប្រេងបានធ្លាក់ចុះ មុនពេលកិច្ចប្រជុំដ៏សំខាន់មួយដោយអង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលត្រូវបានគេស្គាល់ថាជា OPEC+ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

West Texas Intermediate (WTI) សម្រាប់ការចែកចាយខែមករាបានបាត់បង់ ១,២៤ដុល្លារអាមេរិក ឬ ១,៥ភាគរយដើម្បីទូទាត់នៅ ៧៩,៩៨ ដុល្លារក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New York Mercantile Exchange។

ប្រេងឆៅប្រភេទ Brent សម្រាប់ចែកចាយនៅខែកុម្ភៈបានធ្លាក់ចុះ ១,៣១ដុល្លារ ឬ ១,៥ភាគរយ មកបិទនៅតម្លៃ ៨៥,៥៧ដុល្លារក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន London ICE Futures Exchange។

អង្គការនាំចេញប្រេង OPEC+ នឹង​ជួប​ប្រជុំ​នៅ​ថ្ងៃ​អាទិត្យនេះ។ នៅក្នុងខែតុលា សម្ព័ន្ធប្រេង បានយល់ព្រមកាត់បន្ថយគោលដៅទិន្នផលរបស់ខ្លួនចំនួន ២លានបារ៉ែលក្នុងមួយថ្ងៃចាប់ពីខែវិច្ឆិកា ដើម្បីជំរុញតម្លៃ។

អ្នកជំនាញបានឲ្យដឹងថា ក្រុមនេះទំនងជានឹងទុកទិន្នផលរបស់ខ្លួនមិនផ្លាស់ប្តូរនៅឯកិច្ចប្រជុំនាពេលខាងមុខ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកស្រី Barbara Lambrecht អ្នកវិភាគថាមពលនៅក្រុមហ៊ុន Commerzbank Research បានឲ្យដឹងនៅក្នុងកំណត់ត្រាមួយកាលពីថ្ងៃសុក្រថា “ដោយមើលឃើញពីភាពមិនច្បាស់លាស់ជាច្រើននៅលើទីផ្សារ វាទំនងជាមិនអនុវត្តវិធានការបន្ថែមទៀតនៅថ្ងៃអាទិត្យនេះទេ” ។

លោកស្រីបានបន្ដថា “បន្ទាប់ពីទាំងអស់ ការហ៊ុមព័ទ្ធប្រេងរបស់សហភាពអឺរ៉ុបលើប្រេងឆៅ (សមុទ្រ) ពីប្រទេសរុស្ស៊ីនឹងចូលជាធរមាននៅថ្ងៃចន្ទ ហើយវានៅតែមិនទាន់ច្បាស់ថាតើតម្លៃប្រេងរបស់រុស្ស៊ីនឹងមានផលប៉ះពាល់អ្វីនោះទេ”។

ប្រទេសជាសមាជិកសហភាពអឺរ៉ុប កាលពីថ្ងៃសុក្របានព្រមព្រៀងគ្នាលើតម្លៃ ៦០ដុល្លារអាមេរិកក្នុងមួយធុង បារ៉ែលលើតម្លៃប្រេងឆៅពីសមុទ្ររុស្ស៊ី។ សម្រាប់សប្តាហ៍នេះ WTI បានកើនឡើងជិត ៤,៩ភាគរយខណៈពេលដែល Brent បានកើនឡើង ២,២ភាគរយដោយផ្អែកលើកិច្ចសន្យាមុនខែ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top