ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដី​ កម្រិតធ្ងន់វាយប្រហារកោះជ្វា ប្រទេសឥណ្ឌូនេស៊ី

ហ្សាការតា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ថា កាលពីថ្ងៃសៅរ៍ គ្រោះរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារកោះជ្វាដ៏សំខាន់របស់ប្រទេសឥណ្ឌូណេស៊ី បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ម្នាក់រងរបួស និងអង្រួនទីក្រុងដដែលនេះដែលបានបំផ្លិចបំផ្លាញដោយការរញ្ជួយកាលពីខែមុន ដែលបានបណ្តាលឲ្យមនុស្សជាង៣៣០នាក់ស្លាប់ ។

គ្រោះរញ្ជួយដីកម្រិត៥,៧រ៉ិចទ័រ បានវាយប្រហារដោយមានក្នុងជម្រៅ១១២គីឡូម៉ែត្រ ដោយចំណុចកណ្តាលស្ថិតនៅចម្ងាយ១៨គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Banjar ភាគខាងលិចនៃកោះជ្វា ។ នេះបើយោងតាមទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ (USGS) បានឲ្យដឹងដូច្នេះ ។

ទីភ្នាក់ងារឧតុនិយមឥណ្ឌូណេស៊ី ដែលគេស្គាល់ថា ជា BMKG បានផ្តល់កម្រិតខ្ពស់ជាងនេះដល់ទៅ៦.៤រ៉ិចទ័រ សម្រាប់គ្រោះរញ្ជួយដី ដែលបានអង្រួនអគារនានាក្នុងរដ្ឋធានីហ្សាការតា ។ នេះបើយោងតាមអ្នកសារព័ត៌មានមកពីទីភ្នាក់ងារ AFP បានបញ្ជាក់ឲ្យដឹង ។

លោក Suharyanto ប្រធានផ្នែកកាត់បន្ថយគ្រោះមហន្តរាយជាតិ​ របស់ប្រទេសនេះបានប្រាប់ដល់ទូរទស្សន៍ Metro TV ថា មនុស្សម្នាក់បានរងរបួស និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

នៅមិនទាន់មានរបាយការណ៍ពីការស្លាប់និងរបួសផ្សេងទៀតឬការខូចខាតធំដុំនោះទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top