តេអេរ៉ង់ ៖ អ្នកនាំពាក្យក្រសួង ការបរទេសអ៊ីរ៉ង់ បានថ្កោលទោសមន្ត្រី នៃប្រទេសលោកខាងលិច មួយចំនួន ដែលបានធ្វើ “កាយវិការសិទ្ធិមនុស្សក្លែងក្លាយ ដោយបែងចែកអំពើភេរវកម្ម ទៅជាល្អនិងអាក្រក់” ។
លោក Nasser Kanaani បានធ្វើការកត់សម្គាល់នៅលើគណនី Twitter របស់លោក បន្ទាប់ពីបានបង្ហោះរូបថត នៃរបាយការណ៍របស់ Sky News កាលពីថ្ងៃព្រហស្បតិ៍ថា នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak បានសន្យាថា នឹងផ្តល់ឱ្យប៉ូលីសអង់គ្លេស នូវអំណាចថ្មី ដើម្បីទប់ស្កាត់ “ការតវ៉ាខុសច្បាប់” ។
លោក Kanaani បានលើកឡើងថា មន្ត្រីទាំងនេះ ដែលជាអ្នកការពារសិទ្ធិមនុស្ស ដែលអះអាងដោយខ្លួនឯង ធ្វើការឱ្យរបបដែលមាន “ប្រវត្តិនៃរដ្ឋប្រហារ ការឃុបឃិត ការជ្រៀតជ្រែក និងសង្រ្គាម ដែលបានឆក់យកជីវិត មនុស្សរាប់លាននាក់” ។
លោកបានបន្ថែមថា “ការតវ៉ាជាសាធារណៈនៅចក្រភពអង់គ្លេស អាល្លឺម៉ង់ បារាំង កាណាដា និង អូស្ត្រាលី គឺអាក្រក់ ហើយសមនឹងទទួល បានការឆ្លើយតបខ្លាំង ប៉ុន្តែកុបកម្ម នៅក្នុងប្រទេសគោលដៅរបស់ពួកគេ គឺល្អ និងសមនឹង ទទួលបានការគាំទ្រ!”។ អ្នកនាំពាក្យអ៊ីរ៉ង់បានចំអកថា “ការស្លាប់ គឺជារឿងល្អ ប៉ុន្តែសម្រាប់ប្រទេស ជិតខាងនោះទេ” ។
គួរបញ្ជាក់ថា កាលពី ខែកញ្ញា Mahsa Amini អាយុ ២២ឆ្នាំបានស្លាប់នៅក្នុងមន្ទីរពេទ្យទីក្រុងតេអេរ៉ង់ ប៉ុន្មានថ្ងៃបន្ទាប់ពីការឃុំខ្លួន ហើយធ្លាក់ខ្លួនឈឺធ្ងន់ នៅស្ថានីយ៍ប៉ូលីស ដែលបង្កឱ្យមានការតវ៉ា នៅទូទាំងប្រទេសអ៊ីរ៉ង់។
អ៊ីរ៉ង់ បានចោទប្រកាន់សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច មួយចំនួនផ្សេងទៀតថា “ញុះញង់ឱ្យមានកុប្បកម្ម និងគាំទ្រពួកភេរវករ” នៅក្នុងប្រទេសរបស់ខ្លួន ៕
ប្រែសម្រួល ឈូក បូរ៉ា