តេអេរ៉ង់៖ យោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានឱ្យដឹងថា អ្នកការទូតជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យថា ទីក្រុងតេអេរ៉ង់ និងទីក្រុងមូស្គូបានបង្កើតក្របខ័ណ្ឌ និងយន្តការសម្រាប់ការកែលម្អទំនាក់ទំនងទ្វេភាគី។
លោក Ali Bagheri Kani អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ទទួលបន្ទុកកិច្ចការនយោបាយបានធ្វើការកត់សម្គាល់បន្ទាប់ពីកិច្ចប្រជុំរបស់លោកជាមួយមន្ត្រីរុស្ស៊ីនៅទីក្រុងមូស្គូ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានកត់សម្គាល់ថា “ភាគីទាំងពីរបានពិនិត្យឡើងវិញនូវទំនាក់ទំនងទ្វេភាគីក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ហើយបានបង្កើតក្របខ័ណ្ឌ និងយន្តការក្នុងកិច្ចព្រមព្រៀងជាមួយគ្នាសម្រាប់ការអភិវឌ្ឍទំនាក់ទំនង”។
លោក Bagheri Kani បានលើកឡើងថា ទំនាក់ទំនងរវាងអ៊ីរ៉ង់ និងរុស្ស៊ីមិនកំណត់ ចំពោះបញ្ហាស៊ីរីនោះទេ ដោយសង្កត់ធ្ងន់ថា ភាគីទាំងពីរមានកិច្ចសហប្រតិបត្តិការ “អំណោយផល” នៅក្នុងតំបន់ Caucasus ។
លោកបានពណ៌នាអំពីយន្តការសហប្រតិបត្តិការទ្រង់ទ្រាយ ៣+៣ ថាជាគំរូ “ល្អណាស់” សម្រាប់ធានាសន្តិសុខក្នុងតំបន់នៅ Caucasus ។ យន្តការនេះរួមមានប្រទេស Caucasus ខាងត្បូងចំនួន៣គឺ អាមេនី ហ្សកហ្ស៊ី និងអាស៊ែបៃហ្សង់ បូករុស្ស៊ី តួកគី និងអ៊ីរ៉ង់៕
ប្រែសម្រួល ឈូក បូរ៉ា