ព័ត៌មានអន្តរជាតិ

Update៖ ករណីផ្ទុះដ៏កក្រើក នៅជិតអាកាសយានដ្ឋានយោធា២កន្លែង បណ្តាលឲ្យស្លាប់ និងរបួសមនុស្សជិត១០នាក់

ម៉ូស្គូ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ថា មនុស្សជាច្រើននាក់បានស្លាប់ក្នុងករណីផ្ទុះនៅជិតអាកាសយានដ្ឋានយោធារុស្ស៊ី ចំនួន២កន្លែង ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីកំពុងរាយការណ៍ថា រថយន្តដឹកប្រេង១គ្រឿងបានផ្ទុះដោយបានសម្លាប់មនុស្សអស់ចំនួន៣នាក់ និងរបួស៦នាក់ នៅក្នុងអាកាសយានដ្ឋានក្បែរទីក្រុង Ryazan ភាគអាគ្នេយ៍នៃទីក្រុងម៉ូស្គូ ។

មនុស្ស២នាក់ផ្សេងទៀតត្រូវបានគេរាយការណ៍ថា បានរងរបួសនៅក្នុងការផ្ទុះមួយនៅឯអាកាសយានដ្ឋានក្នុងតំបន់ Saratov ។

គេនៅមិនទាន់ដឹងថា ការផ្ទុះនេះបណ្ដាលមកពីអ្វីនោះទេ ។ តំបន់ទាំង២នេះមានចម្ងាយរាប់រយគីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន ។

យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ រយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី ត្រូវបានគេជឿថា មានមូលដ្ឋាននៅមូលដ្ឋានទ័ពអាកាស Engels ក្នុងតំបន់ Saratov ផងដែរ ។

អភិបាលតំបន់ Saratov បានលើកឡើងថា កងកម្លាំងសន្តិសុខកំពុងត្រួតពិនិត្យនូវអ្វីដែលលោកហៅថា “របាយការណ៍នៃឧប្បត្តិហេតុនៅឯការលានដ្ឋានយោធា” ។

អ្នកសារព័ត៌មានរបស់ទូរទស្សន៍ BBC ប្រចាំនៅរុស្ស៊ី Steven Rosenberg បានឲ្យដឹងថា របាយការណ៍ទាំងនេះ គឺការផ្ទុះ២កន្លែងរបស់យោធា២ផ្សេងគ្នា នឹងជំរុញឱ្យមានការរំពឹងទុកថា អ៊ុយក្រែនអាចនៅពីរឿងនេះ ។

គួរបញ្ជាក់ថា ការបំផ្ទុះនេះកើតឡើងបន្ទាប់ពីរូបភាពផ្កាយរណបត្រូវបានចេញផ្សាយកាលពីសប្តាហ៍មុន ដែលហាក់ដូចជាបង្ហាញពីការកើនឡើងនៃសកម្មភាពយន្តហោះយោធានៅឯមូលដ្ឋានទ័ពអាកាស Engels ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានថ្លែងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានគេជូនដំណឹងអំពីឧប្បត្តិហេតុចំនួន២នេះ ។

ដោយការចោទសួរដើម្បីធ្វើអត្ថាធិប្បាយលើការផ្ទុះទាំង២ទីតាំងនេះដែរ លោក Peskov បានប្រាប់ដល់សន្និសីទសារព័ត៌មានរបស់លោកនៅថ្ងៃចន្ទនេះថា លោកមិនមានព័ត៌មានអំពីឧប្បត្តិហេតុនេះទេ ហើយគ្រាន់តែបានឃើញរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអំពីការបំផ្ទុះទាំងនោះប៉ុណ្ណោះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top