បរទេស៖ សមាជិកសភាសហរដ្ឋអាមេរិកម្នាក់ មកពីគណបក្សសាធារណៈលោក Josh Hawley បានធ្វើការអំពាវនាវឲ្យក្រសួងការបរទេស ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីពន្លឿនកិច្ចការងារ បញ្ចូនអាវុធទៅឲ្យកោះតៃវ៉ាន់ ជំនួសឲ្យប្រទេសអ៊ុយក្រែន ដោយបានលើកឡើងថា កោះតៃវ៉ាន់មានសារៈសំខាន់ និងអត្ថប្រយោជន៍ខ្លាំងជាង សម្រាប់អាមេរិក។
លោក Hawley ក៏ធ្លាប់បានលើកឡើងដែរថា ជំនួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន ដែលផ្តល់ឲ្យប្រទេសអ៊ុយក្រែន គួរតែចាំបាច់ប្រើប្រាស់នៅក្នុងប្រទេសអាមេរិក គឺមានភាពល្អប្រសើរជាង ។
នៅក្នុងលិខិតមួយដោយបើកចំហ ទៅកាន់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃអង្គារលោក Hawley បានអះអាងថាអាមេរិក បានធ្វើឲ្យឃ្លាំងអាវុធរបស់ខ្លួនថយចុះ ដើម្បីជំរុញការបញ្ជូនអាវុធឲ្យអ៊ុយក្រែន ខណៈដែលការយកចិត្តទុកដាក់ ចំពោះផលប្រយោជន៍របស់ខ្លួន នៅក្នុងតំបន់អាស៊ីបែរ ជាកំពុងថយចុះដូចគ្នាទៅវិញ ។
លោក Hawley បានសរសេរទៀតដែរថា៖ ក្នុងករណីដែលកោះតៃវ៉ាន់ និងអ៊ុយក្រែនទាំងពីរ ចាំបាច់ត្រូវការអាវុធដូចគ្នានោះ កោះតៃវ៉ាន់គួរតែទទួលបានអទិភាព ចាំបាច់មុនអ៊ុយក្រែន ហើយគួរទុកការងារនេះ ឲ្យទៅអាល្លឺម៉ង់និងណាតូវិញ សម្រាប់ការផ្គត់ផ្គង់អាវុធនៅអ៊ុយក្រែន ៕
ប្រែសម្រួល៖ ស៊ុន លី