តូក្យូ៖ ប្រភពពីរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុន កំពុងពិចារណាចំណាយប្រហែល ៥ពាន់ពាន់លានយ៉េន (៣៧ពាន់លានដុល្លារ) ដើម្បីបង្កើត និងដាក់ពង្រាយកាំជ្រួចរយៈ ចម្ងាយឆ្ងាយចាប់ពីឆ្នាំសារពើពន្ធ ២០២៣ ដល់ឆ្នាំ២០២៧ ខណៈដែលប្រទេសមួយនេះ មានបំណងមានសមត្ថភាព វាយប្រហារមូលដ្ឋានសត្រូវ ដើម្បីដោះស្រាយការគំរាមកំហែងផ្នែកសន្តិសុខ ដែលកំពុងកើនឡើង។
យោងតាមប្រភពបានឱ្យដឹងថា មីស៊ីលដែលផលិតក្នុងស្រុក ដែលមានសមត្ថភាពបាញ់ចេញ ពីចម្ងាយបាញ់របស់សត្រូវ នឹងក្លាយជាចំណុចកណ្តាល នៃអ្វីដែលរដ្ឋាភិបាលហៅថា “សមត្ថភាពប្រឆាំង” ចំពេលមានការពង្រឹងយោធារបស់ប្រទេសចិន និងការបាញ់មីស៊ីលផ្លោងម្តងហើយម្តងទៀត របស់កូរ៉េខាងជើង។
ផែនការនេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីនាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា បានណែនាំដល់រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងការពារជាតិឱ្យបែងចែកប្រាក់ប្រហែល ៤៣ ពាន់ពាន់លានយ៉េនសម្រាប់រយៈពេល ៥ ឆ្នាំចាប់ពីខែមេសា ពោលគឺច្រើនជាង ៥០ ភាគរយខ្ពស់ជាងផែនការចំណាយរយៈពេល ៥ឆ្នាំបច្ចុប្បន្នរបស់ខ្លួនដែលមានប្រហែល ២៧,៤៧ ពាន់ពាន់លានយ៉េនពីសារពើពន្ធ ២០១៩។
ការចំណាយដែលរំពឹងទុកនឹង ត្រូវបានលើកឡើងនៅក្នុង ឯកសាររដ្ឋាភិបាលដែលបញ្ជាក់ពី ផែនការអភិវឌ្ឍន៍ឧបករណ៍ការពារ និងការចំណាយចាំបាច់ សម្រាប់រយៈពេល ៥ឆ្នាំ នៅពេលដែលវាត្រូវបានធ្វើបច្ចុប្បន្នភាព នៅពាក់កណ្តាលខែធ្នូ។ កម្មវិធីបច្ចុប្បន្នគ្របដណ្តប់លើឆ្នាំសារពើពន្ធ ២០១៩ ដល់ ២០២៣។
ក្នុងចំណោមទឹកប្រាក់ប្រហែល ៥ ពាន់ពាន់លានយ៉េន ប្រហែល ១ ពាន់ពាន់លានយ៉េន នឹងត្រូវបានប្រើ ដើម្បីពង្រីកជួរនៃមីស៊ីលបញ្ជាពីដីទៅកប៉ាល់ Type-12 របស់កងកម្លាំងស្វ័យការពារដី និងដើម្បីធ្វើពិពិធកម្មវេទិកាបាញ់បង្ហោះ ដូច្នេះមីស៊ីលអាចត្រូវបានបាញ់ចេញពីនាវា។
យោងតាមប្រភពបានឱ្យដឹងថា ទឹកប្រាក់ប្រហែល ៨០០ ពាន់លានយ៉េននឹងត្រូវចំណាយលើ ការអភិវឌ្ឍអាវុធហោះល្បឿនលឿន សម្រាប់ការពារកោះដាច់ស្រយាល នៅភាគនិរតីនៃប្រទេសជប៉ុន និងមីស៊ីលលឿនជាងសំឡេង ដែលពិបាកក្នុងការស្ទាក់ចាប់ ៕
ប្រែសម្រួល ឈូក បូរ៉ា
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									