គៀវ៖ ក្រុមមន្ត្រីលោកខាងលិចបានឲ្យដឹងថា ប្រទេសរុស្ស៊ីបានអស់ស្តុកទុក នូវយន្តហោះដ្រូនធុន kamikaze ដែលផ្គត់ផ្គង់ដោយប្រទេសអ៊ីរ៉ង់ បន្ទាប់ពី “ភាពច្នៃប្រឌិត” របស់អ៊ុយក្រែន បានកម្ចាត់យន្ដហោះដ្រូនទាំងនេះស្ទើតែ ១០០ភាគរយ។
វាត្រូវបានគេយល់ថា រុស្ស៊ីបានអស់ស្ដុកទៅហើយ បន្ទាប់ការប្រើយន្ដហោះដ្រូនធុន Shahed 136 របស់ខ្លួនកាលពីពីរសប្តាហ៍មុន ហើយងាកមកប្រើកាំភ្លើងធំ ដែលប៉ាន់ស្មានចំនួន ៤០០គ្រាប់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។
យន្តហោះដ្រូនធុន kamikaze បាននាំទៅដល់យុទ្ធនាការទម្លាក់ គ្រាប់បែកថ្មីលើទីក្រុងគៀវ និងទីក្រុងផ្សេងទៀតរបស់អ៊ុយក្រែន នៅពេលដែលយន្ដហោះដ្រូន UAVs ផ្គត់ផ្គង់ដោយទីក្រុងតេអេរ៉ង់ ត្រូវបានបញ្ចេញក្នុងខែតុលា ដោយហោះហើរពីលើតំបន់ទីក្រុង មុនពេលបាញ់ និងបំផ្ទុះក្បាលគ្រាប់ ៤០ គីឡូក្រាមរបស់ពួកគេ។
នៅពេលនោះ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានបរិហារការផ្គត់ផ្គង់របស់ទីក្រុងតេអេរ៉ង់ ដល់ទីក្រុងមូស្គូថាជា “កិច្ចសហប្រតិបត្តិការជាមួយអំពើអាក្រក់” ។
ប៉ុន្តែឥឡូវនេះ កិច្ចសហការនោះស្ថិតក្នុងភាពស្រពិចស្រពិល បន្ទាប់ពីមន្ត្រីបានបញ្ជាក់ថា អ៊ីរ៉ង់បានផ្អាកការនាំចេញយន្តហោះដ្រូន ជាបណ្តោះអាសន្ន បន្ទាប់ពីមានបញ្ហាផលិតកម្ម និងតម្រូវការក្នុងការរក្សាទុកពួកវា សម្រាប់ប្រតិបត្តិការរបស់ខ្លួន។
មន្ត្រីរូបនេះបានបន្ថែមថា “យើងត្រូវបានគេប្រាប់ថា ពួកគេអស់ហើយ ប៉ុន្តែប្រជាជនរុស្ស៊ីរំពឹងថា នឹងមានការផ្គត់ផ្គង់ឡើងវិញ។ វាជាអ្វីដែលយើងព្រួយបារម្ភ និងជាអ្វីដែលយើងកំពុង តាមដានយ៉ាងដិតដល់” ៕
ប្រែសម្រួល ឈូក បូរ៉ា